ដំណាំស្រូវនៅកម្ពុជា
ដំណាំស្រូវនៅកម្ពុជា
ស្រូវមានតួនាទីយ៉ាងសំខាន់ក្នុងការទ្រទ្រង់ដល់ការរស់រានមានជីវិត សម្រាប់ប្រជាពលរដ្ឋប្រមាណជិតពាក់កណ្តាលនៅក្នុងពិភពលោក ស្ទើរទាំងស្រុងនៅទ្វីបអាស៊ី និងជាអាហារចម្បង និងចាំបាច់បំផុតសម្រាប់ប្រទេសកម្ពុជា ។ សម្រាប់ប្រជាពលរដ្ឋកម្ពុជា ស្រូវអង្ករ ឬបាយ គឺជាប្រភពផ្តល់ថាមពលរហូតដល់ប្រមាណពី ៦០ ទៅ ៧០ភាគរយនៃបរិមាណកាឡូរីចាំបាច់ ។ នាឆ្នាំ២០០៤ តម្រូវការអង្ករប្រចាំឆ្នាំ សម្រាប់ប្រជាពលរដ្ឋកម្ពុជាម្នាក់ៗមានចំនួនប្រមាណ ១៤៣ គីឡូក្រាម ដែលនេះជាបរិមាណច្រើនជាងគេលេខបី បន្ទាប់ពីប្រទេសភូមា និងឡាវ ។
សម្រាប់ប្រទេសកម្ពុជា ស្រូវគឺជាដំណាំមួយដ៏សំខាន់នៅក្នុងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខ្មែរ ដោយដំណាំនេះបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងសេដ្ឋកិច្ច វប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់របស់ជាតិសាសន៍យើងតាំងតែពីអតីតកាលដ៏យូរលង់ណាស់មកហើយ ។ ភស្តុតាងជាច្រើនបានបញ្ជាក់ថា ទាំងនាពេលបច្ចុប្បន្ន និងទាំងនាពេលអតីតកាល ស្រូវគឺជាដំណាំសេដ្ឋកិច្ចរបស់ជាតិ ។ ជាក់ស្តែងនាសម័យអង្គរ អាស្រ័យដោយមានការចូលរួមចំណែកដ៏ចម្បង និងសំខាន់ពីដំណាំស្រូវ ប្រទេសកម្ពុជានាសម័យនោះបានឈានដល់យុគមាស និងជាអាណាចក្រដ៏ខ្លាំងជាងគេនៅអាស៊ីអាគ្នេយ៍ ។ អាងបារាយណ៍ទឹកថ្លា ដែលជាសំណង់វិស្វកម្មធារាសាស្ត្រដ៏ធំសម្បើមមួយនៅខេត្តសៀមរាប និងដែលត្រូវបានស្ថាបនារួចរាល់នៅក្នុងរវាងសតវត្សទី១១ ក៏ជាសក្ខីភាពបញ្ជាក់អំពីគម្រោងការ និងភាពច្នៃប្រឌិតដ៏រស់រវើករបស់បុព្វបុរសខ្មែរ ដែលបានយល់ច្បាស់អំពីសារសំខាន់ និងឥទ្ធិពលនៃដំណាំស្រូវទៅលើសេដ្ឋកិច្ចជាតិ ហើយបានប្រឹងប្រែងយ៉ាងប៉ិនប្រសប់ និងជោគជ័យក្នុងការជំរុញដល់ការបង្កើនផលិតកម្មដំណាំស្រូវតាមរយៈការដោះស្រាយបញ្ហាទឹកជាមូលដ្ឋាន ។ ឥទ្ធិពលនៃដំណាំស្រូវនៅក្នុងសង្គមខ្មែរ បានឆ្លុះបញ្ចាំងផងដែរនៅក្នុងកម្រងអត្ថបទអក្សរសិល្ប៍ជាតិ តាមរយៈរឿងព្រេង រឿងជាតក ឬក៏រឿងប្រលោមលោកនានា ដែលស្ទើរគ្រប់អត្ថបទទាំងអស់ គឺបានបរិយាយអំពីបញ្ហាពិតក្នុងសង្គមខ្មែរ អំពីទំនាក់ទំនងនៃសាច់រឿងទៅនឹងដំណាំស្រូវ ក៏ដូចជាបង្ហាញពីផលប្រយោជន៍នៃដំណាំស្រូវទៅលើជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខ្មែរ តាំងពីបុរាណកាលមកទល់នឹងពេលបច្ចុប្បន្ន ។ ជាឧទាហរណ៍ រឿងទុំទាវដែលរៀបរៀងដោយ ព្រះបទុមត្ថេរសោម នាគ.ស ១៩១៥ ត្រូវនឹងព.ស ២៤៥៨ ក៏បានបង្ហាញផងដែរអំពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខ្មែរទាំងគ្រហស្ថ ទាំងសង្ឃ ទាក់ទងទៅនឹងការងារដាំដុះដំណាំស្រូវ និងការធ្វើសម្ភារៈសម្រាប់ទុកដាក់ផលស្រូវនៅរដូវច្រូតកាត់ ដូចជាការធ្វើតោកលក់របស់នេនទុំ និងនេនពេជ នៅស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម ជាដើម ។ នៅក្នុងរឿងផ្កាស្រពោនដែលបាននិពន្ធដោយលោក នូ ហាច នាគ.ស ១៩៦០ ត្រូវនឹង ព.ស ២៤៩០ ក៏បានបង្ហាញផងដែរអំពីការរស់នៅរបស់ប្រជាពលរដ្ឋខ្មែរនៅខេត្តភាគខាងលិចមួយចំនួន នាសម័យកាលដែលខេត្តទាំងនោះ ស្ថិតនៅក្រោមការត្រួតត្រាពីប្រទេសជិតខាង ។ ទោះបីជាអ្នកនិពន្ធបានសង្កត់ធ្ងន់ទៅលើប្រវត្តិស្នេហាស្មោះស្ម័គ្រនៃគូស្នេហ៍មួយគូក៏ដោយ ក៏អ្នកនិពន្ធបានបង្ហាញផងដែរអំពីជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅទីនោះ និងភាពចាំបាច់នៃការធ្វើស្រែចម្ការ ដូចជាការធ្វើស្រែប្រាំងនៅព្រៃលិចទឹកក្បែរបឹងទន្លេសាប និងការជួញដូរស្រូវពីប្រទេសកម្ពុជាទៅប្រទេសជិតខាង ៘ នៅក្នុងច្បាប់ទូន្មានផ្សេងៗ ដែលបានចងក្រងដោយកវីនិពន្ធខ្មែរ ក៏តែងបានផ្សារភ្ជាប់កំណាព្យកាព្យឃ្លោងរបស់លោកទៅនឹងដំណាំស្រូវដែរ ។ ជាក់ស្តែងកថាខណ្ឌមួយនៅក្នុងច្បាប់ល្បើកថ្មី ដែលជាស្នាដៃលោកភិរម្យភាសាង៉ុយ ឬក្រមង៉ុយ បានលើកឡើងថា «កូនអើយរកស៊ី កកាយធរណី ធ្វើស្រែយកស្រូវ កុំតាមអ្នកណា បាតាមតែឪ លើកភ្លឺជិតផ្លូវ កុំស្រាស់បន្លា» ។
ក្រៅពីភស្តុតាងដែលមានលក្ខណៈជារូបវ័ន្តទាំងនេះ ពាក្យសុភាសិត ឬពាក្យទំនៀមជាច្រើនក៏បានឆ្លុះបញ្ចាំងពីសារប្រយោជន៍នៃដំណាំស្រូវមកលើជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋខ្មែរផងដែរ ។ ចាស់ខ្មែរបុរាណបានពោលថា «ធ្វើស្រែនឹងទឹក ធ្វើសឹកនឹងបាយ» «សំណាបយោងដី ស្រីយោងប្រុស» «ធ្វើស្រែខុសម្តង ខុសមួយឆ្នាំ រើសគូមិនចំណាំ ខុសម្តង ខុសមួយជីវិត» «ធ្វើស្រែទាន់ក្តៅដី ចង់ស្រីទាន់ក្តៅចិត្ត» «ធ្វើស្រែឱ្យមើលភ្លឺ» ៘
ប្រជាពលរដ្ឋខ្មែរតែងចាត់ទុកថា ស្រូវ ឬ អង្ករ គឺជារបស់ដែលមានតម្លៃមិនអាចកាត់ថ្លៃបាន ហើយក៏ជាវត្ថុជាទីគោរពសក្ការៈសម្រាប់មនុស្សគ្រប់ៗរូបផងដែរ ។ ជាទូទៅប្រជាកសិករខ្មែរបានគោរពយ៉ាងខ្ពង់ខ្ពស់បំផុត និងសន្មតដោយក្តីមោទនថា ស្រូវគឺជាព្រះអាទិទេពដែលផ្តល់ និងទ្រទ្រង់ជីវិតមនុស្សគ្រប់ៗរូប ដូច្នេះគឺដោយបុព្វហេតុនេះហើយទើបស្រូវត្រូវបានប្រសិទ្ធិនាមថា ព្រះមាតា ព្រះប្រពៃស្រព ឬព្រះមេ របស់ប្រជាជាតិខ្មែរ ។ ការប្រសិទ្ធិនាមនេះ អាចត្រូវបានទទួលយកតាមអំណះអំណាងនៅក្នុងទេវកថា ដែលបានរៀបរាប់ និងនិទានតៗគ្នាថា នៅក្នុងលោកយើងនេះ មានព្រះប្រាំពីរអង្គជាបងប្អូនគ្នាគឺ ព្រះអាទិត្យ ព្រះភិរុណ ព្រះគង្គា ព្រះចន្ទ ព្រះមាតានាងគង្ហីង ព្រះពាយ និងព្រះមាតា ព្រះប្រពៃស្រព ឬព្រះមេ ឬស្រូវនេះឯង ។ ដូច្នេះតាមការនិទានខាងលើនេះ យើងអាចយល់ឃើញថា ទោះក្នុងទេវកថាក្តី ក្នុងការនិទាន ឬជំនឿ របស់ប្រជាកសិករខ្មែរតាំងពីបុរាណកាលក្តី សុទ្ធតែទទួលស្គាល់ថា ស្រូវគឺជាអ្វីដែលមិនអាចខ្វះបានសម្រាប់មនុស្សគ្រប់ៗរូប ។ ប៉ុន្តែជាការមួយគួរឱ្យសោកស្តាយដោយសារថា ទោះបីជាទទួលនូវការគោរពយ៉ាងណាក៏ដោយ ក៏បុព្វបុរសយើងមិនបានបន្សល់រូបព្រះមាតា ព្រះប្រពៃស្រព ឬព្រះមេនេះ នៅទីកន្លែងណាមួយឱ្យយើងបានឃើញឡើយ ។
ដោយស្រូវគឺជារុក្ខជាតិដ៏មានសារសំខាន់បំផុត និងមិនអាចខ្វះបានដូចបានរៀបរាប់មកពីខាងលើ សម្រាប់ជីវិតរបស់យើងម្នាក់ៗ និងដើម្បីការពារ លើកស្ទួយនូវតម្លៃវប្បធម៌ និងតម្លៃជាតិនេះ និងឆ្លៀតក្នុងខណៈដែលឆ្នាំ២០០៤ បានត្រូវសម្រេចជ្រើសយកជាឆ្នាំអន្តរជាតិនៃដំណាំស្រូវ ដោយមហាសន្និបាតនៃអង្គការសហប្រជាជាតិនោះ វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា ដោយមានការគាំទ្រពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានព្រាងតាក់តែង និងរៀបចំរូបព្រះមេ ឬព្រះមាតាព្រះប្រពៃស្រពនេះ ឱ្យមានជាអត្ថិភាពឡើង និងដោយមានលក្ខណៈជាខ្មែរសុទ្ធសាធ ។ តាមរយៈរូបនេះយើងឃើញថា ព្រះមេ ឬព្រះមាតាព្រះប្រពៃស្រព (Rice goddess) មានលក្ខណៈជាទេវតាស្រីមាននាគរាជក្បាលប្រាំជាជំនិះ មានដៃស្តាំកាន់កណ្តៀវត្រកង និងដៃឆ្វេងកាន់កួរស្រូវ ។ នាគរាជគឺតំណាងបុព្វបុរសខ្មែរ ដូចមានប្រវត្តិជាប់ទាក់ទងទៅនឹងរឿងព្រះថោងនាងនាគ ហើយក៏តំណាងនូវភាពត្រជាក់ត្រជុំសុខដុមក្សេមក្សាន្តដល់ប្រជាពលរដ្ឋទូទៅ ។ នាគរាជគឺតំណាងឱ្យព្រលឹងជាតិខ្មែរ ដែលដិតជាប់ក្នុងអារម្មណ៍របស់ជនជាតិខ្មែរគ្រប់ៗរូប ហើយដែលស្តែងចេញតាមរយៈក្បាច់ចម្លាក់រូបនាគផ្សេងៗ នៅលើប្រាង្គប្រាសាទបុរាណនានា នៅលើសម្ភារៈប្រើប្រាស់ ដូចជា កណ្តៀវ រទេះ ទូក ដំបូលអាគារ និងតាមរយៈពិធីប្រពៃណីជាតិ ដូចជា ពិធីបុណ្យអុំទូក និងពិធីអាពាហ៍ពិពាហ៍ជាដើម ។ ក្រៅពីនេះ នាគរាជ គឺជាអ្នកផ្ដល់ទឹកភ្លៀងសម្រាប់ស្រោចស្រពដល់រុក្ខជាតិ ដំណាំទាំងឡាយ ពិសេសសម្រាប់ដំណាំស្រូវ ដោយឡែកនៅប្រទេសកម្ពុជា ប្រព័ន្ធក្សេត្របរិស្ថានស្រូវដែលពឹងផ្អែកលើរបបទឹកភ្លៀង មាននៅលើផ្ទៃដីច្រើនជាង ៨០ភាគរយ នៃផ្ទៃដីដាំដុះស្រូវសរុប ។ កណ្ដៀវត្រកង គឺជាឧបករណ៍របស់ខ្មែរសុទ្ធសាធ សម្រាប់ប្រើប្រាស់ក្នុងការច្រូតស្រូវ ។ ប៉ុន្តែទោះជាយ៉ាងនេះក្តី រូបនេះក៏នៅមិនទាន់បានទទួលស្គាល់ជាផ្លូវការនៅឡើយទេ ។
Comments
Post a Comment