កសិកម្មនៅកម្ពុជា
កសិកម្មនៅកម្ពុជា
កម្ពុជាជាប្រទេសមួយដែលពឹងផ្អែកទៅលើកសិកម្មជាសំខាន់ព្រោះប្រជាជនប្រមាណ ៨០% ទៅ ៨៥%ជាកសិករ ហើយកសិកម្មផ្ដល់ ៥០%នៃផលិតផលជាតិសរុប។ ផលិតផលកសិកម្មរួមមានដំណាំស្រូវ និងដំណាំរួមផ្សំ ៦៣% ការចិញ្ចឹមសត្វ ២៤% ការនេសាទ ១០% និង ព្រៃឈើ ៣%។ ដូចនេះបញ្ជាក់ឲ្យឃើញថាប្រជាជនកម្ពុជាមានកម្រិតជីវភាពទាបនូវឡើយ ។
យល់ដឹង[កែប្រែ]
ប្រជាជនកម្ពុជាយើងភាគច្រើនរស់នៅតាមជនបទ ហើយប្រកបរបរកសិកម្ម។ ទោះបីប្រទេសកម្ពុជាមានផ្ទៃដីសម្រាប់ដំណាំស្រូវពី ៨៥% ទៅ ៩០%ក៏ដោយក៏គ្រួសារមួយចំនួនផលិតស្រូវពុំបានគ្រប់គ្រាន់តាមតម្រូវការឡើយ។
១.ប្រភេទកសិករ[កែប្រែ]
តាមការស្រាវជ្រាវបានឲ្យដឹងថា ចំនួនគ្រួសារដែលប្រកបរបរកសិកម្មមានប្រមាណពី ១.២លាន ទៅ ១.៣លានគ្រួសារនៅទូទាំងប្រទេស។ គេអាចចែកប្រភេទកសិករទាំងនោះជាប្រភេទធំៗដូចតទៅ ៖
- កសិករផលិតស្រូវ ឬ អ្នកស្រែ ៖ មានចំនួនច្រើនជាងគេក្នុងប្រទេស និងនិយមធ្វើស្រូវវស្សា (រដូវភ្លៀង)លើផ្ទៃដីទំនាប។ កសិករទាំងនោះអាចរកប្រាក់ដើម្បីបង្គ្រប់ចំណូលរបស់ពួកគេដោយការងារផ្សេងៗទៀត (ចិញ្ចឹមសត្វ និង ឡើងត្នោត)ឯកសិករមួយចំនួនទៀត ធ្វើស្រូវប្រដេញទឹក និងស្រូវប្រាំង នៅចុងរដូវវស្សា ពេលទឹកស្រកតាមដងទន្លេ មាត់បឹង និងព្រែកនានា។ កសិករទាំងនោះអាចរកប្រាក់បំពេញតម្រូវការរបស់ពួកគេបានដោយស្វែងរកការងារធ្វើតាមរដូវ នៅទីប្រជុំជន ទីក្រុង ការងារកាប់អុស និងធ្វើធ្យូង។
- កសិករនៅតំបន់ដីខ្ពស់ ៖ គេដាំដំណាំ អចិន្ត្រៃយ៍ ឬ តាមរដូវ ដូចជា៖ ពោត ដំឡូង សណ្ដែក ល្ង...។ល។ កសិករខ្លះទៀត ចិញ្ចឹមសត្វ និង ធ្វើស្រូវប្រដេញទឹក។
- កសិករធ្វើចំការ ឬ កសិករមិនដាំស្រូវ ៖ ពួកគេដាំដំណាំផ្សេងៗនៅតាមបណ្ដោយមាត់ទន្លេ ស្ទឺង និងដីទួលនានា ដូចជា ថ្នាំជក់ បន្លែ ផ្កា...។ល។ កសិករទាំងនេះមានការងារបន្ទាប់បន្សំរបស់ពួកគេគឺ ចិញ្ចឹមសត្វ ដាំឈើហូបផ្លែ និងនេសាទ។
- កសិករក្នុងបណ្ដាខេត្តភូមិភាគឦសាន (រតនះគីរី មណ្ឌលគីរី)និងតំបន់ព្រៃភ្នំនានា ច្រើនធ្វើដំណាំព្រៃដុត មាន ស្រូវ ពោត ដំឡូង និងរុក្ខជាតិផ្ដល់មើមជាដើម។ ក្រៅពីនេះពួកគេស្វែងរកអនុផលព្រៃឈើ និងបរបាញ់សត្វ។
ក្នុងវិស័យកសិកម្មកម្ពុជា ស្ត្រីបានដើរតួនាទីសំខាន់ណាស់បន្ថែមលើការងារផ្ទះសំបែង (ដាំបាយ បុក កិនស្រូវ ដងទឹក រកអុស និងថែទាំកូនចៅ)។ ស្ត្រី ត្រូវដាំដំណាំ ប្រមូលផល មើលថែទាំសត្វពាហនៈ និងត្រូវទៅលក់ផលិតផលនៅឯទីផ្សារទៀតផង។
២.ប្រព័ន្ធផលិតកម្ម[កែប្រែ]
២.១.ដំណាំស្រូវ[កែប្រែ]
ប្រព័ន្ធផលិតស្រូវអាចមានលក្ខណះខុសប្លែកគ្នាទៅតាមតំបន់ទីតាំងភូមិសាស្ត្រ របបទឹក រដូវដាំដុះ និងកម្រិតត្រួតពិនិត្យផ្សេងៗ។ ដូចនេះគេអាចចែកប្រព័ន្ធផលិតស្រូវដូចតទៅ ៖
- ស្រូវវស្សា ៖ ត្រូវបានគេដាំនៅទូទាំងប្រទេសចាប់ពីខែឧសភា ដល់ខែតុលា។ ទំហំដីប្រែប្រួលទៅតាមដង់ស៊ីតេប្រជាជនគឺ ១ហិចតានៅខេត្តកំពង់ស្ពឺ និងតិចជាង៥ហិចតានៅខេត្តបាត់ដំបង រីឯទិន្នផលក៏ប្រែប្រួលទៅតាមតំបន់ដែរ។ ខេត្តដែលផ្ដល់ស្រូវច្រើនជាងគេគឺខេត្តបាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង តាកែវ សៀមរាប កំពង់ធំ ព្រៃវែង និងស្វាយរៀង។
- ស្រូវប្រាំង ៖ គេធ្វើនៅតំបន់ក្បែរមាត់បឹង ទន្លេ ស្ទឹង ព្រែក ដោយវិធីស្ទូង និងបាចទឹកបញ្ចូល នៅរដូវទឹកស្រក។ ខេត្តដែលធ្វើស្រូវប្រាំងសំខាន់ៗមាន តាកែវ ព្រៃវែង និង កណ្ដាល។ ស្រូវប្រាំងទទួលបានទិន្នផលខ្ពស់ជាងស្រូវវស្សា តែទាមទារឲ្យមានការថែទាំជាប្រចាំ។
- ស្រូវឡើងទឹក ៖ តំបន់ស្រូវឡើងទឹកសំខាន់ៗស្ថិតនៅជុំវិញបឹងទន្លេសាប និងកំហូងនានាតាមបណ្ដោយទន្លេមេគង្គក្នុងខេត្តកំពង់ចាម ព្រៃវែង និងតាកែវ។ ស្រូវឡើងទឹកអាចធន់នឹងកំពស់ទឹក ២ម ទៅ ៥ម។ ស្រូវឡើងទឹកបានផ្ដល់ទិន្នផលខ្ពស់ដូចស្រូវប្រាំងដែរ។ ស្រូវឡើងទឹកជាប្រភពស្រូវធ្ងន់ដែលរយៈពេលដាំដុះពី ៨ ទៅ៩ខែទើបអាចប្រមូលផលបាន។
ប្រសិនបើលោកអ្នកចង់ស្វែងយល់លំអឹតពីពូជស្រូវទាំងនេះសូមអញ្ជើងទស្សនា www.maff.gov.kh
២.២.ដំណាំកៅស៊ូ[កែប្រែ]
កៅស៊ូមានប្រភពនៅប្រទេសប្រេស៊ីល ហើយនាំចូលមកប្រទេសកម្ពុជាដោយក្រុមហ៊ុនបារាំងកាលពីឆ្នាំ ១៩២០។ គេដាំកៅស៊ូនៅតំបន់ដីក្រហមក្នុងខេត្តកំពង់ចាម ក្រចេះ រតនះគីរី និង ក្រុងព្រះសីហនុ។ មុនឆ្នាំ ១៩៧០ ចំការកៅស៊ូកម្ពុជាមាន ៦៧០០០ហិចតា ឲ្យផល ៥២០០០តោនក្នុងមួយឆ្នាំ។ សព្វថ្ងៃគេកាប់ដើមកៅស៊ូចាស់ៗចោល និងដាំថ្មីជំនួសវិញ។ ក្នុងឆ្នាំ ១៩៩៩ ផ្ទៃដីចៀរជ័រកៅស៊ូមាន ៣៩៧១៨ហិចតា និងឲ្យផលជ័រស្ងួតបាន ៤៥២០៣តោន ហើយបញ្ចេញលក់ជ័រស្ងួតបាន ៤៤៣៧៦តោន។ ប្រទេសកម្ពុជាមានលទ្ធភាពច្រើនក្នុងការពង្រីកដំណាំកៅស៊ូ ព្រោះប្រទេសយើងមានដីក្រហមរហូតដល់ទៅ ៧១៦០០០ហិចតា។ ដំណាំកៅស៊ូមានសារៈសំខាន់ខ្លាំងក្នុងសេដ្ឋកិច្ចជាតិ ព្រោះដំណាំនេះផ្ដល់នូវរូបធាតុដើមសម្រាប់ឧស្សាហកម្មកៅស៊ូក្នុងស្រុក និងនាំចេញ ហើយផ្តល់ការងារដល់ប្រជាជនយើងបានមួយចំនួនធំ។
២.៣.ដំណាំផ្សេងៗទៀត[កែប្រែ]
ក្នុងឆ្នាំ ១៩៩៩ ក្រៅពីដំណាំស្រូវ និងដំណាំកៅស៊ូ គេឃើញមានដំណាំជាច្រើនទៀតដូចជា ពោត (៥៩៨៣៥ហិចតា) សណ្ដែកសៀង (៣៥០៨៥ហិចតា) សណ្ដែកបាយ (២៦១៨២ហិចតា) ដំឡូងឈើ (១៤០៣៩ហិចតា) ល្ង (១៦៤៦២ហិចតា) សណ្ដែកដី (១០៥៨៧ហិចតា) អំពៅ (៨៤១៧ហិចតា) ថ្នាំជក់ (៨២៩២ហិចតា) ល្ហុងប្រេង (១៥២១ហិចតា) ក្រចៅ (២៧៣ហិចតា)...និងបន្លែ (៣១៤៥០ហិចតា)។
២.៤.ការចិញ្ចឹមសត្វ[កែប្រែ]
នៅប្រទេសកម្ពូជាយើង ការចិញ្ចឹមសត្វទទួលបានផលទាបនូវឡើយ ហើយមានលក្ខណះតូចតាចនៅក្នុងតែរង្វង់គ្រួសារ និងខ្វះបច្ចេកទេស។ ការចិញ្ចឹមសត្វនេះមិនបម្រើឲ្យឧស្សាហកម្ម ឬជំនួញទេ វាបម្រើឲ្យតែការងារកសិកម្មប៉ុណ្ណោះ ព្រោះសព្វថ្ងៃនេះគោ និង ក្របី ៩០% ត្រូវបានគេប្រើប្រាស់ជាកំលាំងអូសទាញ។ ចំពោះសត្វគោវិញគេប្រើវាសំរាប់ព្ជួរ រាស់ដីនៅរដូវវស្សា។ ការចិញ្ចឹមគោទៅអនាគតអាចបម្រើឲ្យឧស្សាហកម្មបាន ព្រោះសព្វថ្ងៃគេបង្កើតស្ថានីយចិញ្ចឹមគោមួយកន្លែងនៅភ្នំតាម៉ៅ ក្នុងខេត្តតាកែវ ដែលមានពូជគោល្អៗជាច្រើន។ ការចិញ្ចឹមសត្វបានរួមចំណែកយ៉ាងសកម្មក្នុងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាយើង។
៣.ទំនាក់ទំនងរវាងការដាំដុះ អាជីវកម្មព្រៃឈើ និងនេសាទ[កែប្រែ]
ការដាំដុះ ព្រៃឈើ និងនេសាទ ជាភោគទ្រព្យយ៉ាងសំខាន់សម្រាប់ប្រជាជនកម្ពូជា ហើយកសិករបានពង្រីកប្រព័ន្ធផលិតកម្មដែលគេបានរ៉ាប់បញ្ចូលធាតុគន្លឹះទាំងបីនេះ។ នៅពេលដែលកសិកររំពឹងលើដីដាំដុះដើម្បីធ្វើផលិតកម្ម (ដំណាំ និង ការចិញ្ចឹមសត្វ)កម្រៃដែលបានមកពីអាជីវកម្មព្រៃឈើ និង នេសាទ ក៏ជាចំណែកមួយសំខាន់នៃប្រព័ន្ធកសិកម្មមួយដែរ។ មុនឆ្នាំ ១៩៧០ សកម្មភាពអភិវឌ្ឍហាក់បីដូចជាមានលំនឹង ក៏ប៉ុន្តែជាមួយនឹងកំណើនប្រជាជន ដែលកើនឡើងឥតឈប់ឈរ និងកំណែប្រែសេដ្ឋកិច្ចឆ្ពោះទៅរកសេដ្ឋកិច្ចទីផ្សារក្រោយឆ្នាំ ១៩៩៣ គេសង្កេតឃើញសញ្ញាណនៃការបំផ្លិចបំផ្លាញបរិស្ថានមានសភាពធ្ងន់ធ្ងរឡើងៗ។ អតិផលនៃប្រព័ន្ធកសិកម្មនាំឲ្យមានកំណើនបម្រើបម្រាស់ថ្នាំសម្លាប់សត្វល្អិត និងជីគីមី ប៉ុន្តែថ្នាំសម្លាប់សត្វល្អិត និងជីគីមីទាំងនោះហូរទៅផ្ដុំគ្នានៅទន្លេ និង បឹងដែលបំផ្លាញមច្ឆាជាតិមិនតិចទេ។
(ប្រភព៖ សិក្សាសង្គមថ្នាក់ទី១២)
Comments
Post a Comment