ដំណាំ​អំពៅ

បរិស្ថាន​នៃដំណាំ​អំពៅ



អំពៅជាដំណាំមួយប្រភេទដែលទាមទារកំដៅខ្លាំងសំរាប់ការលូតលាស់ដងដើមក្នុងរយៈពេលលូតលាស់ដងដើម ស្លឹក ដំណាំនេះទាមទារសីតុណ្ហភាពខ្ពស់ ជាមធ្យម ២៥អង្សាសេ ទៅ ៣០អង្សាសេ ក្នុងរយៈពេល២៤ម៉ោង លើកលែងតែដល់ដំណាក់កាលកកើតស្ករគឺ ២ ទៅ ៣ខែ មុនពេលកាប់ ទើបទាមទារ សីតុណ្ហភាពជាមធ្យម ១៨ ទៅ ២២ អង្សាសេ ដើម្បីអាចបង្កើនជាតិស្ករច្រើន។
ដំណាំនេះ ក៏ជាដំណាំមួយដែលត្រូវការទឹកច្រើនបង្គួរដែរ ដូច្នេះដើម្បីធានាអោយបានផលល្អ យើងត្រូវលៃយ៉ាងណាពេលដែលដំណាំស្ថិតក្នុងដំណាក់កាលលូតលាស់ខ្លាំង អាចចំពេលដែលមានភ្លៀងធ្លាក់ច្រើន ហើយផ្ទុយទៅវិញ ប្រមាណជា ២ ទៅ ៣ ខែមុនពេលប្រមូលផលអាចចំពេល ដែលមានភ្លៀងធ្លាក់តិច ឬ ស្ទើរតែគ្មានភ្លៀងធ្លាក់ទើបជាការប្រសើរ ក្នុងការផ្តល់ទិន្នផលស្ករខ្ពស់។
ប្រភេទដីដែលល្អសំរាប់ដំណាំអំពៅគឺដីល្បប់ល្បាយខ្សាច់ មិនជាំទឹក ដីច្រោះទឹកល្អ ដីដែលមានជីជាតិល្អ ដែលមានស្រទាប់ទីមួយ ជ្រៅ និងជាដីដែលមាន pH5,5 ទៅ 6,8។ ចំពោះប្រទេសកម្ពុជាយើង ដីដែលសមស្របសំរាប់ដំណាំនេះ គឺដីល្បប់ល្បាយខ្សាច់តាមដងទន្លេ ដីក្រហម និងដីខ្មៅតាមដំបន់ខ្ពង់រាប។ ដំណាំនេះដាំបានល្អនៅលើដីស្រទាប់ទី១ រាក់ (ជម្រៅសំរាប់ស្រទាប់ទី១ រាក់ជាង ២០ស.ម) ចំពោះដីដែលមានគ្រួសក្រហមច្រើននោះមិនសមស្រប់សំរាប់ដំណាំនេះឡើយ។
ដកស្រង់ពីសៀវភៅ “ដំណាំអំពៅ” របស់នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ។ គំរោងឥណទានកម្មវិធី ធនាគារ អភិវឌ្ឍន៍អាស៊ី។

របៀបដាំអំពៅ



ការដាំអំពៅ គេអាចធ្វើបានច្រើនយ៉ាងគឺ គេអាចបណ្តុះកូនជាមុនសិន ឬ ក៏ដាក់ដាំកំណាត់ដើម ដែលមានភ្នែកតែម្តង។
ការបណ្តុះកូន
– វិធីនេះគេបណ្តុះកូនជាមុនសិន ហើយទើបបានគេយកទៅដាំនៅចំការពេលដែលកូននោះលាស់បានធំល្មម(អាយុប្រមាណជា ១ខែ) វិធីនេះគេច្រើនអនុវត្តចំពោះការដាំក្នុងរណ្តៅ។
– ជាដំបូងគេត្រូកាត់ជាកំណាត់ខ្លីៗ ដែលមានថ្នាំងមួយៗ រួចហើយគេដាក់តំរៀបគ្នាក្នុងថ្នាលមួយក្បែរប្រភពទឹកដើម្បីងាយស្រួលក្នុងការស្រោចស្រព។
– កំណាត់ដើមអំពៅដែលគេតំរៀបនោះ មិនត្រូវលុបដីអោយជិតតែម្តងទេ ហើយត្រូវដាក់ភ្នែកថ្នាំងអំពៅនៅលើ ដើម្បីបង្ករការងាយស្រួលក្នុងការដុះពន្លកហើយដើម្បីអោយកាន់តែប្រសើរ ត្រូវគ្របចំបើងពីលើ។
– ជាទូទៅគេត្រូវស្រោចស្រពទឹកមួយថ្ងៃម្តង ដើម្បីអោយកូនអំពៅនោះលូតលាស់បានល្អ។ ពេលដែលកូនអំពៅ នោះលូតលាស់បានល្អមានទំហំប៉ុនម្រាមដៃ ហើយដែលមានអាយុប្រមាណជា ១ខែទើបគេយកទៅដាំនៅចំការ។
ការដាក់កំណាត់ដើម: វិធីនេះគេអនុវត្តចំពោះដីចំការធំៗដែលជួនកាលការកាប់រណ្តៅអាចត្រូវចំណាយថវិការច្រើន។ ការដាំដុះតាមវិធីនេះគេអាចអនុវត្តបានចំពេលដែលចំការមានដីសើមល្មម។ វិធីនេះអាចចំណាយទុនតិច និងឆាប់រហ័សទៀតផង ប៉ុន្តែវាមានគុណវិបត្តម្យ៉ាង គឺអាចបណ្តាលអោយដើមដុះមិនបានល្អក្នុងចំការ ពេលដែលពុំមានភ្លៀងធ្លាក់គ្រប់គ្រាន់។
ដកស្រង់ពីសៀវភៅ “ដំណាំអំពៅ” របស់នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ។ គំរោងឥណទានកម្មវិធី ធនាគារ អភិវឌ្ឍន៍អាស៊ី។

រដូវកាល​ដាំដុះអំពៅ


តំបន់តាមដងទន្លេ
ជាទូទៅគេអាចចាប់ផ្តើមដាំក្នុងអំឡុងពេលខែវិច្ឆិកា ធ្នូ រហូតដល់ចុងខែមករា ហើយប្រមូលផលនៅអំឡុងខែ សីហា កញ្ញា មុនពេលទឹកឡើងលិចចំការ។
ការប្រមូលផលនៅក្នុងអំឡុងខែនេះគឺជាទូទៅគេយកអំពៅសំរាប់គាបយកទឹកហូប។ ចំពោះការដាំដុះសំរាប់ធ្វើស្ករ ត្រូវប្រមូលផលក្នុងអំឡុងខែវិច្ឆិកា ធ្នូ ឬ មករា គឺចំពេលដែលមានសីតុណ្ហភាពទាប។ ដូច្នេះដំណាំអាចមានអាយុដល់ទៅ ១១ ខែឬ ១២ ខែ និងអាចដល់១៣ខែ។
តំបន់ខ្ពង់រាប
ចំពោះតំបន់នេះគេអាចចាប់ផ្តើមដាំក្នុងអំឡុងខែ មេសា ពេលដែលមានភ្លៀងធ្លាក់ដំបូង ហើយគេអាចប្រមូលផលក្នុងអំឡុងខែមករា និង កុម្ភៈ។ ដូច្នេះការប្រមូលផលក្នុងខែនេះដំណាំអាចមានអាយុប្រមាណជា ១០ខែ។
ដកស្រង់ពីសៀវភៅ “ដំណាំអំពៅ” របស់នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ។ គំរោងឥណទានកម្មវិធី ធនាគារ អភិវឌ្ឍន៍អាស៊ី។

របៀប​ធ្វើថ្នាល​ផ្សាំអំពៅ និង រៀបចំ​ដីដាំ​អំពៅ



កសិករ កែវ យ៉ិន រស់នៅភូមិទួលខ្ពស់ ខេត្តព្រៃវែង បានប្រកបរបរដាំអំពៅជាយូរមកហើយ។ ដោយសារគាត់មានបច្ចេកទេសដាំល្អ ធ្វើអោយទិន្នផលអំពៅរបស់គាត់ខ្ពស់ ជាពិសេសរបៀបធ្វើថ្នាលផ្សាំអំពៅ និងការរៀបចំដីដាំអំពៅរបស់គាត់បានល្អ។
របៀបរៀបចំថ្នាលអំពៅ:កាប់បំផុសដី និងវាយដីអោយល្អិត ហើយកាយអោយស្មើ បន្ទាប់មកយក កំណាត់កង់អំពៅ ដែលកាប់រួច(កំណាត់កង់ត្រូវមានជាប់ភ្នែក ៣-៤)រៀបលើថ្នាលជាជួរ ដោយដាក់ភ្នែកចេញជំហៀង រួចយកដីម៉ដ្ឋ(ដីស្រទាប់លើមួយភាគ លាយលាមកគោមួយភាគ) រោយពីលើហើយយកចំបើងគ្របថែមពីលើទៀត។ បន្ទាប់មកស្រោចទឹកមួយថ្ងៃពីដង(ព្រឹកល្ងាច)។ ក្រោយពីដាក់ផ្សាំហើយ គេត្រូវឧស្សាហ៍មើលពន្លកដែលដុះ ប្រសិនបើពន្លកដុះបាន ៥ ទង ត្រូវរើចំបើងចេញពីថ្នាល។ ការផ្សាំនេះមានរយ:ពេល ២០-៣០ ថ្ងៃទើបអាចយកទៅដាំបាន។

របៀបរៀបចំដីដាំ

ដីដែលភ្ជួរហើយត្រូវកាប់បំផុស លើកជារងខ្នងអណ្តើក កំពស់ពីរតឹក ទទឹងបីតឹក ចំណែកឯបណ្តោយរងវិញកំណត់តាមលទ្ធភាពដី។ យកស្លឹកឈើងាប់ ស្មៅងាប់ ចំបើង ដុតបំពក់ រួចយកផេះដែលបានពីដុតនោះរោយតាមចន្លោះរង។រងដាំអំពៅ តាមបទពិសោធន៍កន្លងមក បើមិនដុតធ្វើអោយមានកណ្តៀរកើតឡើង។
បន្ទាប់ពីរៀបចំរងហើយយកកូនអំពៅមកដំរៀបតាមចង្អូររង ដែលមានគំលាត៤តឹកពីគុម្ពមួយទៅគុម្ពមួយ។
អត្ថបទដកស្រង់ចេញពីសៀវភៅ “មេរៀនពីកសិករ”

Comments

Popular posts from this blog

ការដាំត្រកួន

លក្ខណៈ​រូបសាស្ត្រ​នៃ​ដំណាំ​ស្រូវ