ផល​នៃ​កសិកម្ម​ទៅ​លើ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា

ផល​នៃ​កសិកម្ម​ទៅ​លើ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា


គេ​ដឹង​ច្បាស់​ថា កសិកម្ម​មាន​ផល​យ៉ាង​ជ្រាលជ្រៅ​ទៅ​លើ​កំណើន​សេដ្ឋកិច្ច​នៃ​ប្រទេស​កម្ពុជា​​។ នៅ​ក្នុង Blog លើក​មុន ខ្ញុំ​បាន​បញ្ជាក់​ពី​កសិកម្ម​ដែល​មាន​និរន្តភាព និង​ទ្រាំទ្រ​បាន​នឹង​អាកាសធាតុ ថែម​ទាំង​ដើរ​តួនាទី​មួយ​ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ ដោយ​ប្រើ​កំលាំង​មនុស្ស​ចំនួន​ជាង ៥០​% នៅ​ក្នុង​ប្រទេស​កម្ពុជា​។ ក្នុង​ភាព​ជា​ផ្នែក​តែ​មួយ​គត់​នៃ​សេដ្ឋកិច្ច កសិកម្ម​មាន​ចំណែក​ជាង ៣០​% នៃ​ផលិតផល​សរុប​ក្នុង​ស្រុក​របស់​ប្រទេស​កម្ពុជា​។ ដោយសារ​មាន​ក្របខ័ណ្ឌ​ច្បាប់​ដែល​អនុគ្រោះ​សំរាប់​ការ​ធ្វើ​ជំនួញ ហើយ​អត្រា​នៃ​កំណើន​លូតលាស់​ប្រចាំ​ឆ្នាំ​គិត​ជា​មធ្យម​មាន ៧​% ក្នុង​មួយ​ឆ្នាំ នៅ​ក្នុង​រយៈពេល​មួយ​ទសវត្ស​កន្លង​ទៅ​នេះ ប្រទេស​កម្ពុជា​នឹង​មាន​ការ​រីក​ចំរើន​បន្ត​ទៀត នៅ​ក្នុង​ផ្នែក​កសិកម្ម និង​វិស័យ​ដែល​មាន​ការ​ទាក់ទង​នឹង​កសិកម្ម​។ ការ​នេះ​នឹង​ផ្តល់​ឱកាស​ល្អ​ៗ​ជា​ច្រើន​សំរាប់​ការ​ធ្វើ​ពាណិជ្ជកម្ម និង​ការ​រក​ស៊ី​ជាមួយ​ប្រទេស​កម្ពុជា​។


ស្រូវ​របស់​កម្ពុជា​គឺ​ជា​គំរូ​មួយ​ដ៏​ល្អ​នៃ​តំលៃ​បន្ថែម​ទៅ​លើ​សេដ្ឋកិច្ច​ដែល​មាន​ជោគជ័យ​នៃ​មុខរបរ​កសិកម្ម និង​កសិករ​របស់​ប្រទេស​កម្ពុជា​។ ស្រូវ​ផ្កា​ម្លឹះ​របស់​កម្ពុជា​ត្រូវ​បាន​គេ​ចាត់ទុក​ជា​ស្រូវ​ល្អ​បំផុត​នៅ​ក្នុង​ពិភពលោក​។ នេះ​ជា​ជោគជ័យ​មួយ​គួរ​អោយ​កត់សំគាល់​ដែល​បញ្ជាក់​ពី​គុណភាព​នៃ​ផលិតផល​កសិកម្ម​របស់​កម្ពុជា និង​សក្តានុពល​នៃ​កំណើន​នៃ​ការ​នាំ​ចេញ​ស្រូវ​។ វា​ថែម​ទាំង​ជា​ព័ត៌មាន​ដ៏​ល្អ​បំផុត​មួយ​សំរាប់​ការ​ខិតខំ​ជា​បន្ត ក្នុង​ការ​លុប​បំបាត់​ភាព​ក្រីក្រ​ខ្លាំង​នៅ​កម្ពុជា​។

ស្រូវ​ផ្កា​ម្លឹះ​របស់​កម្ពុជា​ត្រូវ​បាន​គេ​ទទួល​ស្គាល់​នៅ​ក្នុង​ពិភពលោក​ថា​ជា​ស្រូវ​ល្អ​ជាង​គេ​បំផុត ក្នុង​ពិភពលោក នៅ​ក្នុង​រយៈពេល ៣ ឆ្នាំ​ជាប់​គ្នា​មក​នេះ​។ ក្នុង​ឆ្នាំ​នេះ ស្ថានទូត​អាមេរិក​បាន​រៀបចំ​ការ​ប្រលង​ភ្លក់​បាយ ដែល​ដាំ​ពី​អង្ករ​ប្រភេទ​ផ្សេង​ៗ​របស់​កម្ពុជា​។
យ៉ាង​ណា​ក្តី ស្រូវ​អង្ករ​មិន​មែន​ជា​ជោគជ័យ​តែ​មួយ​របស់​កម្ពុជា​ទេ​។ អ្នក​ដាំ​ស្វាយ​នៅ​កម្ពុជា​អាច​បេះ​បាន​ពីរ​ដង​ក្នុង​មួយ​ឆ្នាំ គឺ​នៅ​ខែ​មិនា ឬ​មេសា​ម្តង និង​ម្តង​ទៀត​នៅ​ខែ​តុលា​ឬ​វិច្ឆិកា​។ ការ​បេះ​បាន​ពីរ​ដង​នេះ ដែល​មិន​ដែល​ឃើញ​មាន​នៅ​កន្លែង​ដទៃ​ជា​ច្រើន​ទៀត ធ្វើ​អោយ​កម្ពុជា​មាន​ប្រៀប​ក្នុង​ការ​ផ្គត់ផ្គង់​ផ្លែ​ឈើ​ឆ្ងាញ់ ប្រកប​ដោយ​គុណភាព ទាំង​សំរាប់​ផ្គត់ផ្គង់​តំរូវការ​នៅ​ក្នុង​ស្រុក ទាំង​សំរាប់​ទីផ្សា​នាំ​ចេញ​ដែល​មាន​កំណើន​កាន់​តែ​ធំ​។ ប៉ុន្តែ ក្នុង​ពេល​ដែល​ឧស្សាហកម្ម​ស្វាយ និង​ផ្នែក​ដទៃ​ទៀត​នៃ​វិស័យ​ឧស្សាហកម្ម​របស់​កម្ពុជា​បន្ត​រីក​ធំ មាន​រឿង​ខ្លះ​ដែល​ចោទ​ជា​បញ្ហា​ប្រឈម នៅ​ពេល​អនាគត​។ ឧទាហរណ៍ ការ​កសាង​សមត្ថភាព​ដើម្បី​ជំរុញ​កំណើន​ផលិតភាព និង​ការ​ប្រើ​បរិក្ខា និង​បច្ចេកទេស​កសិកម្ម​ទំនើប​រឹត​តែ​ផ្តល់​ផល​ចំណេញ​ច្រើន​ថែម​ទៀត​ដល់​វិស័យ​កសិកម្ម​របស់​កម្ពុជា​។

មិន​ដូច​ប្រទេស​ភាគ​ច្រើន​ទេ គេ​ឃើញ​មាន​ស្វាយ​នៅ​គ្រប់​ពេល​នៅ​ទូទាំង​ប្រទេស​កម្ពុជា​។ វា​ពិត​ជា​តំណាង​អោយ​គុណភាព​ដ៏​ល្អ​នៃ​កសិកម្ម​ផ្លែឈើ​ហូប​ផ្លែ​របស់​ប្រទេស​កម្ពុជា។ 
វា​ជា​ការ​ល្អ​ដែល​ប្រទេស​កម្ពុជា ពេល​នេះ មាន​ដៃគូ​សំរាប់​ជួយ​រក​ដំណោះស្រាយ​ចំពោះ​បញ្ហា​ប្រឈម​ទាំង​នេះ ហើយ​ដែល​បាន​ជួយ​ផ្ញើ​សារ​មួយ​យ៉ាង​ខ្លាំង​ទៅ​ពិភពលោក​ថា កម្ពុជា​រីករាយ​នឹង​ចែក​រំលែក​ជោគជ័យ​ជា​បន្ត​នៃ​ជំនួយ​ផ្នែក​កសិកម្ម​។ ក្នុង​ពេល​ថ្មី​ៗ​នេះ លោក John Allen ប្រធាន និង​ជា​នាយក​គ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន John Deere និង​អ្នក​ដឹកនាំ​ក្រុមហ៊ុន​ដទៃ​ទៀត​បាន​មក​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា ដោយ​បង្ហាញ​អោយ​ឃើញ​ថា ក្រុមហ៊ុន​អាមេរិក​ក៏​ទទួល​ស្គាល់​ផង​ដែរ​នូវ​សក្តានុពល​របស់​ប្រទេស​កម្ពុជា ចំពោះ​កំណើន​លូតលាស់​នៅ​ពេល​អនាគត ក្នុង​ផ្នែក​កសិពាណិជ្ជកម្ម​។ ក្នុង​នាម​ជា​ក្រុមហ៊ុន​ដ៏​ធំ​មួយ​ផ្នែក​កម្មន្តសាល លក់ និង​នាំ​ចេញ​គ្រឿង​ម៉ាស៊ីន និង​បរិក្ខា កសិកម្ម​ធុន​ធ្ងន់​ប្រកប​ដោយ​គុណភាព​ខ្ពស់ ទស្សនកិច្ច​របស់ John Deree នៅ​កម្ពុជា ដែល​ក្នុង​នោះ មាន​ការ​ទៅ​មើល​ទីកន្លែង​របស់​ក្រុមហ៊ុន RMA ក្នុង​រាជធានី​ភ្នំពេញ ហើយ​និង​ការ​ជួប​ជាមួយ​ឯកឧត្តម ឧបនាយក​រដ្ឋមន្រ្តី សុខ អាន គឺ​ជា​សញ្​ញាវិជ្ជមាន​មួយ​ថា វិស័យ​កសិកម្ម​របស់​ប្រទេស​កម្ពុជា​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ផ្តល់​ផល​ចំណេញ​សំរាប់​ពេល​រាប់​ឆ្នាំ​ទៅ​មុខ​ទៀត​។ ទស្សនកិច្ច​នេះ​គឺ​ជា​និមិត្តរូប​មួយ​ផង​ដែរ​នៃ​ទំនាក់ទំនង​រឹង​មាំ​ផ្នែក​ពាណិជ្ជកម្ម រវាង​សហរដ្ឋអាមេរិក និង​ប្រទេស​កម្ពុជា ដើម្បី​គាំទ្រ​ដល់​ផល​ប្រយោជន៍​ទៅ​វិញ​ទៅ​មក​ផ្នែក​សេដ្ឋកិច្ច​។

លោកស្រី​អនុប្រធានទូត Julie Chung ដើរ​មើល​ទីតាំង​របស់​ក្រុមហ៊ុន RMA នៅ​រាជធានី​ភ្នំពេញ ជាមួយ​ប្រធាន និង​នាយក​គ្រប់គ្រង​ទូទៅ​របស់ John Deere គឺ​លោក John Allen ។

នៅ​ខេត្ត​កំពង់​ធំ កម្មវិធី​របស់​ទីភ្នាក់ងារ USAID របស់​សហរដ្ឋ​អាមេរិក​បាន​ជួយ​កសិករ​ធ្វើ​ស្រែ​ចំនួន ៣៣២៣ នាក់ អោយ​បង្កើន​ទិន្នផល​ស្រូវ​របស់​គេ​អោយ​បាន​ចំនួន​សរុប​រួម​គ្នា​ចំនួន ២ ៥៥៧ តោន ដែល​ធ្វើ​អោយ​គេ​ទទួល​បាន​ចំណូល​បន្ថែម​ចំនួន ៦៥០ ០០០ ដុល្លា​អាមេរិក​។ (​រូបថត​ដោយ​អង្គការ Fintrac Inc.)
សហរដ្ឋ​អាមេរិក​នៅ​តែ​មាន​ការ​ប្តេជ្ញាចិត្ត​ក្នុង​ការ​ជួយ​ដល់​កំណើន​លូតលាស់​នៃ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ដដែល ដែល​រួម​មាន​ជោគជ័យ​នៅ​ក្នុង​វិស័យ​កសិពាណិជ្ជកម្ម​។ កម្មវិធី​មួយ​ចំនួន​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក ដែល​ផ្តល់​ថវិកា​អោយ​តាមរយៈ​ទីភ្នាក់ងារ USAID របស់​សហរដ្ឋ​អាមេរិក មើល​ឃើញ​បញ្ហា​ប្រឈម​នៅ​ក្នុង​ការ​ជួយ​កសិករ​រាប់​ពាន់​នាក់​អោយ​បង្កើន​ចំណូល​របស់​គេ ហើយ​បំពេញ​តំរូវការ​ដែល​ចេះ​តែ​មាន​ច្រើន​ឡើង លើ​ផលិតផល​របស់​គេ​។ តាមរយៈ​គំរោង​កម្មវិធី​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ដែល​មាន​ឈ្មោះ​ថា Feed the Future (​ចិញ្ចឹម​អនាគត​) កម្មវិធី​របស់​ទីភ្នាក់ងារ USAID ធ្វើ​ការ​ឆ្លើយ​តប​ដោយ​ផ្តល់​ពូជ​ស្រូវ​ថ្មី​ៗ ហើយ​ជួយ​កសិករ​ខ្មែរ​នៅ​ក្នុង​ការ​បង្កើន​ប្រភព​ចំណូល ដោយ​ការ​ដាំ​ដំណាំ​ផ្សេង​ៗ និង​ការ​យល់​ដឹង​ពី​វិធី​ដាំដុះ​ដោយ​ឆ្លាស់​គ្នា​តាម​រដូវ​។ តាមរយៈ​បច្ចេកទេស​ថ្មី​ៗ និង​វិធី​ធ្វើ​កសិកម្ម​ដែល​ប្រសើរ​ជាង​មុន គ្រាន់តែ​កម្មវិធី​ដែល​មាន​ឈ្មោះថា HARVEST របស់​ទីភ្នាក់ងារ USAID បាន​បង្កើន​ទិន្នផល និង​ចំណូល​សំរាប់​គ្រួសារ​កសិករ​ធ្វើ​ស្រែ​ចំនួន ៤៤ ៤៥០ គ្រួសារ ដែល​ជា​ការ​រួម​ចំណែក​ថែម​ទៀត​ដល់​ជោគជ័យ​នៃ​ការ​ធ្វើ​ស្រែ​នៅ​កម្ពុជា ដែល​ផលិតផល​របស់​ខ្លួន​បាន​ជាប់​លេខ​១​។

កម្មវិធី HARVEST ថែម​ទាំង​បាន​ជួយ​កសិករ​ខ្មែរ​ដែល​ធ្វើ​សាកវប្បកម្ម ចំនួន ៣១៤ គ្រួសារ​អោយ​បង្កើន​ទិន្នផល​របស់​គេ​បាន ២៦០​% តាមរយៈ​បច្ចេកទេស​ថ្មី​ៗ និង​ការ​ធ្វើ​កសិកម្ម ដែល​ល្អ​ជាង​មុន​។ 
ខ្ញុំ​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា ការ​ខិតខំ​រួម​គ្នា​របស់​សហរដ្ឋ​អាមេរិក រដ្ឋាភិបាល​កម្ពុជា សង្គម​ស៊ីវិល និង​វិស័យ​ឯកជន ហើយ​សំខាន់​បំផុត កសិករ​កម្ពុជា នឹង​បន្ត​កំណត់​វិស័យ​កសិកម្ម ហើយ​នាំ​ដល់​គំរូ​ធុរកិច្ច​ប្រកប​ដោយ​និរន្តភាព ដែល​ផ្តល់​ផល​ចំណេញ​ដល់​ប្រជាជន​កម្ពុជា រាប់​ឆ្នាំ​ទៅ​មុខ​។ តើ​លោក​អ្នក​គិត​ថា អ្វី​ខ្លះ​ដែល​គេ​អាច​ធ្វើ​បាន ក្នុង​ការ​ជំរុញ​បន្ថែម​ដល់​កសិកម្ម និង​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​?

Comments

Popular posts from this blog

ដំណាំ​អំពៅ

ការដាំត្រកួន

លក្ខណៈ​រូបសាស្ត្រ​នៃ​ដំណាំ​ស្រូវ