បរិស្ថាន​នៃ​ដំណាំ​ស្រូវ

បរិស្ថាន​នៃ​ដំណាំ​ស្រូវ

១. សេចក្ដីផ្ដើម
ការ​យល់​ដឹង​ឱ្យ​បាន​ច្បាស់​នូវ​សរីរសាស្ត្រ និង​ទំនាក់ទំនង​របស់​វា​ទៅ​នឹង​បរិស្ថាន​របស់​ដំណាំ​នីមួយៗ គឺជា​ប្រការ​ចាំបាច់​សម្រាប់​អ្នក​ស្រាវជ្រាវ​ទាំងឡាយ ។ ដោយឡែក​នៅ​ក្នុង​ផលិតកម្ម​ដំណាំ​ស្រូវ ចំណេះដឹង​អំពី​សរីរបរិស្ថាន​នៃ​ដំណាំ​ស្រូវ គឺជា​តម្រូវការ​ចាំបាច់​ដែល​អាច​ឱ្យ​យើង​ពន្យល់​បាន​នូវ​បាតុភូត​ផ្សេងៗ ដែល​បាន​ជួប​ប្រទះ​នៅ​ក្នុង​ស្រែ ។ ម្យ៉ាង​វិញ​ទៀត ដើម្បី​អនុវត្ត​ឱ្យ​បាន​នូវ​ចំណេះដឹង​ផ្នែក​ការងារ​ដាំ​ដុះ​ដែល​ជា​មូលដ្ឋាន​គ្រឹះ ដើម្បី​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ផលិតកម្ម​ដំណាំ​ស្រូវ ដូចជា ​ការ​គ្រប់គ្រង​ដី ទឹក និង​បរិស្ថាន​ជុំវិញ​ដទៃ​ទៀត ជា​ពិសេស​ទំនាក់ទំនង​ទៅ​នឹង​សារធាតុ​ចាំបាច់​សម្រាប់​រុក្ខជាតិ ។ ពេល​នេះ​យើង​សិក្សា​ជា​ចម្បង​នូវ​សកម្មភាព​របស់​កត្តា​អាកាសធាតុ ដូចជា ​សីតុណ្ហភាព ពន្លឺ ទឹក ខ្យល់ បន្ទាប់​មក​យើង​នឹង​សិក្សា​អំពី​ការ​សំយោគ​នៃ​ដំណាំ​ស្រូវ​ក្រោម​លក្ខខណ្ឌ​ដូច​ជា អាហារ​ចិញ្ចឹម ដំណក​ដង្ហើម ការ​ចាប់​យក​សំយោគ និង​បំប្លែង​សារធាតុ ដែល​ស្រូប​បាន​នៅ​ក្នុង​វគ្គ​លូតលាស់ ។
២. សីតុណ្ហភាព (Temperature)
បរិមាណ​កម្ដៅ​សរុប​ត្រូវការ​ជា​ចាំបាច់​សម្រាប់​ដំណាំ​ស្រូវ គឺ​សម​មាត្រ​ទៅ​នឹង​វដ្ត​ជីវិត​លូតលាស់​របស់​វា ។ បរិមាណ​កម្ដៅ​សរុប និង​សីតុណ្ហភាព​មធ្យម​ក្នុង​នៅ​ដំណាក់កាល​លូតលាស់ ត្រូវ​បាន​គណនា​ដោយ​អ្នក​ស្រាវជ្រាវ​ជា​ច្រើន ។ ការ​សិក្សា​បាន​ពិនិត្យ​ឃើញ​ថា​សីតុណ្ហភាព​សម្រាប់​ការ​លូតលាស់​របស់​ដំណាំ​ស្រូវ មាន​បម្រែបម្រួល​ខ្លាំង​គឺ​ប្រែប្រួល​ក្នុង​កម្រិត​ពី ២០ ទៅ​៣៥​អង្សាសេ ។ មាន​ន័យ​ថា​ក្នុង​វដ្ត​ជីវិត​នៃ​ការ​លូតលាស់​របស់​ស្រូវ មាន​សីតុណ្ហភាព​ក្នុង​កម្រិត​ជា អតិបរមា អប្បបរមា ឬ​កម្រិត​សម​ស្រប​ផ្សេងៗ​គ្នា ដោយ​ប្រែប្រួល​ទៅ​តាម​ដំណាក់កាល​លូតលាស់​នីមួយៗ ។ សីតុណ្ហភាព​គឹ​ជា​កត្តា​មួយ​ដែល​មាន​ឥទ្ធិពល​ទៅ​ដល់​សកម្មភាព​សរីរសាស្ត្រ​នានា​របស់​ដំណាំ​ស្រូវ ។
២.១. ឥទ្ធិពល​សីតុណ្ហភាព​ទៅ​លើ​ដំណុះ​គ្រាប់
លោក OKA (1999) បាន​បង្ហាញ​ថា ពូជស្រូវ​ប្រភេទ Indica មិន​អាច​ដុះ​បាន​នៅ​ក្នុង​សីតុណ្ហភាព​ក្រោម​១៣​អង្សាសេ​ទេ ។ ប៉ុន្តែ​ពូជស្រូវ​ប្រភេទ Japonica មាន​សីតុណ្ហភាព​សម​ស្រប​សម្រាប់​ដំណុះ​គ្រាប់ គឺ​ស្ថិត​នៅ​ក្នុង​កម្រិត​ពី ១១ ទៅ ១៣ អង្សាសេ ។ សម្រាប់​ពូជស្រូវ​ប្រភេទ Indica ល្បឿន​នៃ​ដំណុះ​គ្រាប់​កើន​ឡើង​ទៅ​តាម​កំណើន​សីតុណ្ហភាព ប៉ុន្តែ​ត្រូវ​ចុះ​វិញ​នៅ​ពេល​ដែល​សីតុណ្ហភាព​បាន​កើន​ឡើង​ខ្ពស់​ខ្លាំង ។
២.២. ឥទ្ធិពល​សីតុណ្ហភាព​ទៅ​លើ​វគ្គ​លូតលាស់
ឥទ្ធិពល​នៃ​កត្តា​នេះ​មាន​ភាព​សាំញ៉ាំ​បន្តិច ។ ជា​ចម្បង​សីតុណ្ហភាព​មាន​ឥទ្ធិពល​ទៅ​លើ​ពន្លឺ​នៅ​ក្នុង​វគ្គ​ដំបូង​នៃ​ការ​លូតលាស់​របស់​ដំណាំ​ស្រូវ ដូចនេះ​វា​មាន​ឥទ្ធិពល​យ៉ាង​សំខាន់​ទៅ​ដល់​ការ​លូតលាស់ និយាយ​ឱ្យ​ចំ​គឺ​កម្ពស់​ដើម​និង​រយៈពេល​នៃ​វគ្គ​លូតលាស់ (Vegetative stage) ។ ភាព​ស្មុគស្មាញ​នៃ​សកម្មភាព​របស់​សីតុណ្ហភាព គឺ​មាន​ឥទ្ធិពល​ផ្ទាល់​ទៅ​នឹង​កត្តា​មួយ​ចំនួន​ដូច​ជា​ ពន្លឺ ខ្យល់ និង​ទឹក​ស្រោចស្រព ។
ល្បឿន​នៃ​ការ​បែក​គុម្ព​បាន​កើន​ឡើង​គួរ​ឱ្យ​កត់​សម្គាល់ នៅ​ពេល​ដែល​សីតុណ្ហភាព​ស្ថិត​នៅ​ចន្លោះ​ពី ១៥-៣០​អង្សាសេ ។ លទ្ធផល​នេះ​បាន​ពិនិត្យ​ឃើញ​នៅ​លើ​ពពួក​ពូជស្រូវ​ប្រភេទ Indica ច្បាស់​ជាង Japonica ។ ទោះជា​យ៉ាងណា​ក៏​ល្បឿន​នៃ​ការ​បែក​គុម្ព​ត្រូវ​បាន​ថយ​ចុះ នៅ​ពេល​ដែល​សីតុណ្ហភាព​កើន​ខ្ពស់​ជាង​នេះ​ជា​បន្តបន្ទាប់ ។ សម្រាប់​ពូជស្រូវ​មួយ​ចំនួន​ធំ​ គេ​បាន​ពិនិត្យ​ឃើញ​ថា ចំនួន​ដើម​បែក (Tillers) អតិបរមា​ត្រូវ​បាន​ថយ​ចុះ​នៅ​ពេល​ដែល​សីតុណ្ហភាព​កើន​ឡើង​ពី ៣២-៣៨​អង្សាសេ ។​
២.៣. ឥទ្ធិពល​សីតុណ្ហភាព​នៅ​ក្នុង​វគ្គ​បន្ត​ពូជ
នៅ​ក្នុង​វគ្គ​នេះ សីតុណ្ហភាព​មាន​តួនាទី​សំខាន់​ណាស់​នៅ​ក្នុង​ការ​អភិវឌ្ឍ​សរីរាង្គ​បន្ត​ពូជ ។ រយៈពេល​នៃ​ការ​ចេញ​ពន្លក​កួរ (Panicle Initiation) អាច​នឹង​ពន្លឿន​ឡើង​ពី ២ ទៅ​ ៤​ថ្ងៃ នៅ​ពេល​ដែល​គេ​បាន​បង្កើន​សីតុណ្ហភាព​នៅ​ត្រង់​ចន្លោះ​ពី ២៧ ទៅ ២៩ អង្សាសេ ទាំង​ពពួក​ពូជស្រូវ​ប្រភេទ Indica ក៏​ដូច​ជា Japonica ។ បើ​សីតុណ្ហភាព​ស្ថិត​នៅ​ក្រោម ឬ​លើស​ពី​កម្រិត​នេះ រយៈពេល​នៃ​ការ​ចេញ​ពន្លក​កួរ​ត្រូវ​បាន​ពន្យា ។​
មាន​អ្នក​ស្រាវជ្រាវ​ជា​ច្រើន​បាន​សិក្សា​អំពី​លក្ខខណ្ឌ​សីតុណ្ហភាព​ទាប នៅ​ក្នុង​ដំណាក់កាល​ចាប់ផ្តើម​បន្ត​ពូជ​ (Fertilization) ។ លទ្ធផល​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា សីតុណ្ហភាព​ទាប​នា​រយៈពេល​នៃ​ការ​ចេញ​ពន្លក​កកួរ បាន​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​សរីរៈ​បន្ត​ពូជ ដូច​ជា​ប៉ះពាល់​ដល់ Glumes, Pistil និង Stamen ដោយ​អាច​បញ្ជាក់​បាន​ថា វា​អាច​ធ្វើ​ឱ្យ​ផ្កា​ញី​មាន​និប្ផលភាព (Sterility) រហូត​ដល់​ទៅ ៣៥​ភាគរយ ។ សីតុណ្ហភាព​ក៏​នឹង​អាច​ធ្វើ​ឱ្យ​មាន​ការ​ប៉ះពាល់​ទៅ​ដល់​ប្រវែង​កួរ និង​ធ្វើ​ឱ្យ​ដើម​ស្រូវ​តូច ហើយ​ក៏​អាច​ធ្វើ​ឱ្យ​ប្រវែង​ចន្លោះ​ថ្នាំង​នៅ​ពេល​ចេញ​ផ្កា​មាន​ការ​ថយ​ចុះ​ដែរ ។​
២.៤. ឥទ្ធិពល​សីតុណ្ហភាព​នៃ​ទឹក​ស្រោចស្រព​ទៅ​លើ​ការ​លូតលាស់​របស់​ដំណាំ​ស្រូវ
សីតុណ្ហភាព​សម​ស្រប​នៃ​ទឹក​សម្រាប់​ស្រោចស្រព ឬ​ទឹក​ក្នុង​ស្រែ​គឺ​ស្ថិត​នៅ​ត្រង់​កម្រិត​ពី​៣២-៣៤​អង្សាសេ សម្រាប់​ដំណាក់កាល​បែក​គុម្ព និង​កម្រិត​ពី ៣០-៣២​អង្សាសេ សម្រាប់​ដំណាក់កាល​ពន្លូត​ថ្នាំង ។ សីតុណ្ហភាព​សម​ស្រប​សម្រាប់​ដំណាក់កាល​ស្រូវ​បាន​ប្រែប្រួល​ទៅ​តាម​ពូជស្រូវ និង​ដំណាក់កាល​លូតលាស់​នៃ​ដំណាំ ។ ដំណាំ​ស្រូវ​អាច​លូតលាស់​បាន​នៅ​ក្នុង​សីតុណ្ហភាព​ខ្ពស់​បំផុត រហូត​ដល់ ៤០​អង្សាសេ ។ នៅ​ពេល​ដែល​សីតុណ្ហភាព​ទឹក​ឡើង​ដល់​៥០​អង្សាសេ អាច​ធ្វើ​ឱ្យ​ដើម​ស្រូវ​ងាប់​បាន ។ ការ​បែក​គុម្ព និង​ពន្លក​កួរ​អាច​នឹង​ទទួល​នូវ​ការ​ប៉ះពាល់​យ៉ាង​ខ្លាំង​នៅ​ពេល​ដែល​សីតុណ្ហភាព​ស្ថិត​នៅ​ក្រោម ២៥​អង្សាសេ ។ ភាគរយ​នៃ​គ្រាប់​ស្រូវ​ស្កក​កើន​ឡើង នៅ​ពេល​ដែល​សីតុណ្ហភាព​ស្ថិត​នៅ​ក្រោម ២៥​អង្សាសេ ។ ប៉ុន្តែ​ដោយឡែក​ពពួក Japonica សីតុណ្ហភាព​ទឹក​ទាប​បំផុត គឺ​ស្ថិត​នៅ​ចន្លោះ​ពី ១៣-១៤ អង្សាសេ ។​
៣. ពន្លឺ (Light)
ពន្លឺព្រះអាទិត្យ​មាន​តួនាទី​កំណត់​នូវ​វគ្គ​លូតលាស់​នៃ​ដំណាំ​ស្រូវ ដោយ​អាស្រ័យ​ទៅ​នឹង​ឥទ្ធិពល​ពីរ​ព្រម​គ្នា​ គឺ​ភាព​ឆ្លាស់គ្នា​នៃ​ថ្ងៃ និង​យប់ (រយៈ​ពន្លឺ) និង​បរិមាណ​ពន្លឺ​ទាំង​អាំងតង់ស៊ីតេ ក៏​ដូច​ជា​គុណភាព​នៃ​ពន្លឺ ។ ឥទ្ធិពល​របស់​ពន្លឺ​មាន​ការ​ប្រែប្រួល​អាស្រ័យ​ទៅ​តាម​វគ្គ​លូតលាស់​នៃ​ដំណាំ ហើយ​ក៏​អាស្រ័យ​លើ​កត្តា​ពូជ​ដែរ ឥទ្ធិពល​របស់​ពន្លឺ​លើ​ការ​លូតលាស់​របស់​រុក្ខជាតិ​មាន​ភាព​សាំញ៉ាំ​បំផុត ដោយ​វា​មាន​ការ​ចូលរួម​ពី​កត្តា​ជា​ច្រើន​ទៀត​នៅ​ក្នុង​មជ្ឈដ្ឋាន ជា​ពិសេស​ទាក់ទង​ទៅ​នឹង​សីតុណ្ហភាព ។ ពន្លឺ​គឺជា​កត្តា​ចម្បង​ក្នុង​ការ​ធ្វើ​រស្មីសំយោគ​នៃ​សារធាតុ កាបូន​អ៊ីដ្រុកស៊ីត​នៅ​ក្នុង​រុក្ខជាតិ ។
៣.១. ឥទ្ធិពល​នៃ​រយៈ​ពន្លឺ (Day Length)
រយៈ​ពន្លឺ​មាន​អំពើ​ជា​ចម្បង​នៅ​លើ​ដំណាក់កាល​បង្កបង្កើត​ផល (Reproductive phase) សម្រាប់​ពូជ​ដែល​មាន​វេទរសភាព​នឹង​រយៈ​ពន្លឺ ដោយ​ការ​ធ្វើ​ឱ្យ​មាន​ការ​ប្តូរផ្លាស់​យ៉ាង​គំហុក​នៅ​ក្នុង​រូបសាស្ត្រ​នៃ​រុក្ខជាតិ​នា​ពេល​ដែល​ដំណាក់កាល​យុវភាព​បាន​ត្រូវ​បញ្ចប់ (Men Sarom, 1996) ។ តាម​រយៈ​នេះ​ដំណើរការ​បំបែក​កោសិកា​បាន​ត្រូវ​បង្វែ​ទៅ​ជា​ការ​អភិវឌ្ឍ​កោសិកា​ថ្មី​ ហើយ​កោសិកា​ស្លឹក​បាន​ត្រូវ​ប្តូរ​ទៅ​ជា​កោសិកា​ផ្កា​វិញ ។ ដូច្នេះ​ដំណាក់កាល​លូតលាស់​បាន​ត្រូវ​បញ្ចប់ ហើយ​ដំណាក់កាល​បង្កបង្កើន​ផល​ត្រូវ​បាន​ចាប់ផ្តើម ។ ទោះជា​យ៉ាងនេះ​ក្តី ឥទ្ធិពល​របស់​វា​ទៅ​លើ​ដំណាក់កាល​លូតលាស់​ក៏​នៅ​ជា​មន្ទិល​នៅឡើយ ។​
សម្រាប់​ដំណាំ​ស្រូវ​ ការ​ប្តូរផ្លាស់​រវាង​ដំណាក់កាល​លូតលាស់ និង​ដំណាក់កាល​បន្ត​ពូជ​អាច​ត្រូវ​កំណត់​ដោយ​ថ្ងៃ​ចាប់ផ្តើម​ចេញ​ពន្លក​កួរ ។ ចំពោះ​ពូជ​ដែល​មាន​វេទរសភាព​នឹង​រយៈ​ពន្លឺ ដំណើរការ​ប្តូរ​នេះ​អាច​មាន​នៅ​ក្នុង​ពេល​ដែល​រយៈ​ពន្លឺ​ស្ថិត​នៅ​ក្នុង​ចន្លោះ​ពី ១០ ទៅ ១១​ម៉ោង ប៉ុន្តែ​បើ​រយៈ​ពន្លឺ​វែង​ជាង​នេះ ការ​ចេញ​ពន្លក​កួរ​ត្រូវ​អាក់ខាន​ហើយ​វគ្គ​លូតលាស់​នឹង​បន្ត​ទៅ​ទៀត ។​
៣.២. ឥទ្ធិពល​នៃ​អាំងតង់ស៊ីតេ​ពន្លឺ និង​គុណភាព​ពន្លឺក. អាំងតង់ស៊ីតេ​ពន្លឺ (Light intensity)
សិក្សា​ស្រាវជ្រាវ​អំពី​ការ​បង្កើន​អាំងតង់ស៊ីតេ​ពន្លឺ​ក្នុង​កម្រិត​ខ្សោយ គឺជា​សកម្មភាព​ដ៏​សំខាន់​នៅ​ក្នុង​ដំណាំ​ស្រូវ (វា​អាច​ពន្យឺត​ដល់​ការ​ចេញ​ផ្កា) ។ ការ​ចាប់ផ្តើម​ចេញ​ផ្កា គឺ​ស្ថិត​នៅ​ក្រោម​សកម្មភាព​នៃ​ការ​បង្កើន​អាំងតង់ស៊ីតេ​នៃ​ពន្លឺ ។ អាំងតង់ស៊ីតេ​ពន្លឺ​មិន​ត្រឹមតែ​មាន​សកម្មភាព​តែ​ទៅ​លើ​សកម្មភាព​សំយោគ​នៃ​ឧស្ម័ន​កាបូនិក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​មាន​ឥទ្ធិពល​ទៅ​លើ​សកម្មភាព​នៃ​សរីរសាស្ត្រ​ផ្សេងៗ​ទៀត​ដូច​ជា ការ​ស្រូប​យក​អាសូត​សម្រាប់​រុក្ខជាតិ​លូតលាស់ និង​កម្លាំង​នៃ​ការ​ស្រូប​របស់​ឫស ៘ ហើយ​សកម្មភាព​ទាំងនោះ​មាន​ការ​ប្រែប្រួល​ទៅ​នឹង​កត្តា​លក្ខខណ្ឌ និង pH នៃ​ដី​ផង​ដែរ ។ នៅ​ពេល​ដែល​ពន្លឺព្រះអាទិត្យ​បាន​ថយ​ចុះ​ប្រមាណ​ជា ៤០% ពេល​នោះ​ការ​ធ្វើ​រស្មីសំយោគ បាន​សង្កេត​ឃើញ​ថា​មាន​សកម្មភាព​ប្រព្រឹត្ត​ទៅ​យឺតៗ ហើយ​បើ​ចង់​ឱ្យ​ការ​ធ្វើ​រស្មីសំយោគ​ប្រព្រឹត្ត​បាន​លឿន​លុះត្រាតែ​អាំងតង់ស៊ីតេ​មិន​លើស​ពី ៣០% នៃ​កម្រិត​ធម្មតា  ។


 ឥទ្ធិពល​នៃ​ពន្លឺ​ព្រះអាទិត្យ​ទៅ​លើ​ការ​ធ្វើ​រស្មីសំយោគ
ការ​សាយភាយ​ពន្លឺ​មក​លើ​ដើម​ស្រូវ បាន​ធ្វើ​ឱ្យ​ស្រូវ​នៅ​ក្នុង​វគ្គ​លូតលាស់ មាន​ពណ៌​បៃតង​ចាស់​ហើយ​ទម្ងន់​នៃ​សារធាតុ​ស្ងួត​មាន​ប្រមាណ​ជា ៦០% នៅ​ពេល​ដែល​ដើម​ស្រូវ​នោះ​ទទួល​បាន​ពន្លឺ​គ្រប់គ្រាន់ ។ ផ្ទុយ​ទៅ​វិញ​ ការ​ទទួល​បាន​ពន្លឺ​មិន​គ្រប់គ្រាន់ បាន​ធ្វើ​ឱ្យ​មាន​ការ​ថយ​ចុះ ក្នុង​ការ​ស្រូប​យក​សារធាតុ​អាសូត ដោយ​វា​បាន​កម្រិត​នូវ​ការ​លូតលាស់​នៃ​ប្រព័ន្ធ​ឫស និង​ធ្វើ​ឱ្យ​មាន​ការ​ប្រែប្រួល​ទៅ​ដល់​ទំនាក់ទំនង​កាបូន​និង​អាសូត (C/N) នៅ​ក្នុង​រុក្ខ​សរីរសាស្ត្រ បាតុភូត​នេះ​យើង​អាច​ពន្យល់​បាន​ថា ការ​ដាំ​ស្រូវ​នៅ​តំបន់​ត្រូពិច​ដែល​ទទួល​បាន​ទិន្នផល​ទាប គឺ​ដោយសារ​អាកាសធាតុ​នា​រដូវ​វស្សា​ពោរពេញ​ទៅ​ដោយ​ពពក​មីរដេរដាស ដែល​ធ្វើ​ឱ្យ​ដំណាំ​ទទួល​បាន​ពន្លឺ​មិន​គ្រប់គ្រាន់ ។ ផ្ទុយ​ទៅ​វិញ​ គេ​បាន​ស្រាវជ្រាវ​ឃើញ​ថា​ពន្លឺព្រះអាទិត្យ​ក្តៅ​ខ្លាំង ជា​កត្តា​អវិជ្ជមាន​ទៅ​ដល់​ការ​លូតលាស់​នៃ​ដើម និង​ទិន្នផល ហើយ​អាច​នឹង​ធ្វើ​ឱ្យ​ដើម​ស្រូវ​ឡើង​ខ្លោច ។
ខ. ពណ៌ ឬ​គុណភាព​ពន្លឺ (Light quality)
គេ​បាន​ធ្វើការ​សិក្សា​ស្រាវជ្រាវ​យ៉ាងច្រើន​នៅ​ក្នុង​ផ្នែក​នេះ អំពី​ឥទ្ធិពល​នៃ​គុណភាព​ពន្លឺ​ទៅ​លើ​ការ​លូតលាស់​របស់​ដំណាំ​ស្រូវ ។ គេ​បាន​ពិនិត្យ​ឃើញ​ថា​ ពន្លឺ​ពណ៌​ខៀវ (Blue) គឺ​មាន​ឥទ្ធិពល​ប្រហាក់ប្រហែល​គ្នា​ទៅ​នឹង​ឥទ្ធិពល​នៃ​អាំងតង់ស៊ីតេ​ខ្ពស់​នៃ​ពន្លឺ​ដែរ ។ ពន្លឺ​ពណ៌​ខៀវ (Blue) បាន​ធ្វើ​ឱ្យ​គុណភាព​គ្រាប់ស្រូវ​កាន់តែ​ប្រសើរ​ ហើយ​កាំរស្មី​ពណ៌​ក្រហម (Red) វា​មាន​សកម្មភាព​យ៉ាង​សកម្ម​នៅ​ក្នុង​រស្មី​សំយោគ ។ ចំណែកឯ​កាំរស្មី​ពណ៌​ស្វាយ (4000A) បាន​ធ្វើ​ឱ្យ​រស្មី​សំយោគ​មាន​កម្រិត ។ លើស​ពី​នេះ កាំរស្មី​ពណ៌​លឿង និង​ពណ៌​ក្រហម​ដែល​មាន​ទំហំ 5600A ទៅ 7200A មាន​សកម្មភាព​បង្អាក់​ដល់​ការ​ចេញ​ផ្កា ចំពោះ​ពូជស្រូវ​ជា​ប្រភេទ​ថ្ងៃ​ខ្លី ។ ការ​ស្រាវជ្រាវ​ក៏​បាន​បង្ហាញ​ដែរ​ថា​ ការ​ស្រូប​យក​ពន្លឺ​ពណ៌​ក្រហម (Infrared) ឬ​ពន្លឺ​ពណ៌​ស្វាយ (Ultra violet) នា​គ្រប់​ដំណាក់កាល​នៃ​ការ​លូតលាស់​ទាំងអស់​នៃ​ដំណាំ​ស្រូវ​នោះ​បាន​ធ្វើ​ឱ្យ​ទិន្នផល​ស្រូវ​មាន​ការ​កើនឡើង​ខ្ពស់ ។​
៤. ទឹក (Water)
ទឹក​គឺជា​កត្តា​ចាំបាច់​មិន​អាច​ខ្វះ​បាន​មួយ ដើម្បី​ធ្វើ​ឱ្យ​មាន​ការ​រីក​លូតលាស់​នៅ​ក្នុង​ដំណាំ​ស្រូវ ។ ទឹក​ក៏​មាន​តួនាទី​ផង​ដែរ​ក្នុង​ការ​សម្រួល​ដល់​ការ​ដឹក​ជញ្ជូន​សារធាតុចិញ្ចឹម​នៅ​ក្នុង​រុក្ខជាតិ និង​ជា​យាន​ចម្លង​សារធាតុ​សំយោគ​ដែល​ផលិត​បាន​ទៅ​ផ្នែក​ផ្សេងៗ​នៃ​រុក្ខជាតិ ។ ហើយ​ជា​ចាំបាច់​បំផុត​នោះ វា​ដើរតួ​ជា​អ្នក​ផលិត​សារធាតុ​ស្ងួត (ដូច​ជា​កាបូន​អ៊ីដ្រាត និង​ប្រូតេអ៊ីន​ជាដើម) នៅ​ក្នុង​រុក្ខជាតិ ។​
៤.១. តម្រូវការ​ទឹក​នៃ​ដំណាំ​ស្រូវ (Water requirement of the rice crop)
បរិមាណ​ទឹក​ដែល​ដំណាំ​ស្រូវ​ត្រូវការ គឺ​អាច​វាស់​ដឹង​បាន ដោយ​គិត​ទៅ​លើ​បរិមាណ​ទឹក​នៃ​រុក្ខ​បំភាយ​តាម​ស្លឹក (Transpiration) នៅ​ក្នុង​ខ្នាត​មួយ​នៃ​សារធាតុ​ស្ងួត​ដែល​បាន​បង្កើត​ឡើង ។ បរិមាណ​នៃ​តម្រូវការ​ទឹក​នេះ មិន​បាន​គិត​បញ្ចូល​នូវ​បរិមាណ​ទឹក​ដែល​បាន​បំភាយ​ចោល (Evaporation) នោះ​ទេ  ។



 បរិមាណ​ទឹក​នៃ​រុក្ខ​បំភាយ​ដើម្បី​ផលិត​១​ក្រាម​នៃ​ទម្ងន់​សារធាតុ​ស្ងួត (ក្រាម​នៃ​ទឹក)
បរិមាណ​នៃ​រុក្ខ​បំភាយ​មាន​ការ​ប្រែប្រួល​ខ្លាំង​គួរ​ឱ្យ​កត់​សម្គាល់​ទៅ​តាម​តួនាទី​នៃ​លក្ខខណ្ឌ​ដំណាំ លក្ខខណ្ឌ​អាកាសធាតុ ប្រភេទ​ដី និង​អាយុកាល​សំណាប​ដែល​យក​មក​ស្ទូង ។
ក. កម្រិត​នៃ​រុក្ខ​បំភាយ (Transpiration) ​នៅ​ក្នុង​លក្ខខណ្ឌ​ប្រភេទ​ដី និង​លក្ខខណ្ឌ​វប្បកម្ម​ដំណាំ​ស្រូវ
នៅ​ក្នុង​លក្ខខណ្ឌ​ដីល្បាយខ្សាច់ គេ​សង្កេត​ឃើញ​បរិមាណ​នៃ​រុក្ខ​បំភាយ​មាន​កម្រិត​ខ្ពស់ ។ ឧទាហរណ៍​ដើម្បី​ផលិត​សារធាតុ​ស្ងួត​ចំនួន​១​ក្រាម របស់​ដំណាំ​ស្រូវ​នៅ​លើ​ប្រភេទ​ដី​ល្បប់ គេ​បាន​វាស់​ឃើញ​បរិមាណ​នៃ​រុក្ខ​បំភាយ​មាន​រហូត​ដល់​ទៅ ៧៣៤,៥៦​ក្រាម ចំណែក​នៅ​លើ​ដី​ប្រភេទ​ល្បាយ​ខ្សាច់​វិញ គេ​បាន​វាស់​ឃើញ​មាន​តែ ៦៥៧,១៦​ក្រាម​ប៉ុណ្ណោះ  ។ បរិមាណ​រុក្ខ​បំភាយ​នេះ​បាន​កើន​ឡើង​នៅ​លើ​ដី​ដែល​មាន​ជីជាតិ​ល្អ ប្រភេទ​ដី​ដែល​កំពុង​ដាំ​ដុះ និង​នៅ​លើ​ដី​ដែល​មាន​សំណើម​ខ្ពស់​ផង​ដែរ ។ ហើយ​បរិមាណ​នៃ​រុក្ខ​បំភាយ​នេះ​កើន​ឡើង​ខ្លាំង​នៅ​លើ​ដំណាំ​ស្រូវ​ដែល​ដាំ​ក្នុង​ស្រែ​ដែល​មាន​ការ​ស្រោចស្រព​ជាង​ស្រែ​ដែល​មិន​មាន​ការ​ស្រោចស្រព ។

ទំនាក់ទំនង​រវាង​ថាស​រំហួត​ប្រចាំ​ថ្ងៃ និង​តម្រូវការ​ទឹក​នៃ​ដំណាំ​ស្រូវ
ខ. បម្រែបម្រួល​នៃ​រុក្ខ​បំភាយ​នៅ​ក្នុង​ដំណាក់កាល​លូតលាស់
រុក្ខ​បំភាយ​មាន​ការ​ប្រែប្រួល​ខ្លាំង​នៅ​ក្នុង​វគ្គ​លូតលាស់ ហើយ​មាន​ការ​កើនឡើង​យ៉ាង​រហ័ស​នៅ​ពេល​ដែល​សន្ទូង​ទើប​ស្ទូង​រួច រហូត​ដល់​ស្រូវ​កំពុង​បែក​គុម្ព​ជា​អតិបរិមា ។ បន្ទាប់​មក​កម្រិត​នៃ​រុក្ខ​បំភាយ​បាន​ថយ​ចុះ​នៅ​ក្នុង​វគ្គ​ចេញ​ពន្លក​កកួរ​ទៅ​ដល់​ថ្ងៃ​ចេញ​ផ្កា ហើយ​បាន​កើន​ឡើង​វិញ​នៅ ២១​ថ្ងៃ​បន្ទាប់​មក រួច​កម្រិត​រុក្ខ​បំភាយ​បាន​ថយ​ចុះ​រហូត​ដល់ ២១​ថ្ងៃ មុន​ស្រូវ​ទុំ ។ ដូច​គ្នា​នេះ​ដែរ​តម្រូវការ​ទឹក​សរុប​មាន​ការ​ប្រែប្រួល​ទៅ​នឹង​ពូជ ហើយ​និង​រយៈពេល​នៃ​ការ​លូតលាស់​របស់​ដំណាំ ។
ផ្អែក​ទៅ​លើ​បរិមាណ​នៃ​រុក្ខ​បំភាយ​នៃ​ស្រូវ​ក្នុង​១​ហិកតា (ដោយ​មិន​គិត​បញ្ចូល​បរិមាណ​ទឹក​ដែល​បាន​រំហួត​ចោល និង​ជ្រាប​តាម​ដី) ត្រូវការ​ទឹក​ប្រមាណ​ពី ២,៥០០ តោន ទៅ ៤,០០០ តោន​គឺ​ស្មើនឹង ២៥០-៤០០​មម នៃ​កម្ពស់​ទឹក​នៅ​ក្នុង​ស្រែ​ក្នុង​រយៈពេល​នៃ​វគ្គ​លូតលាស់​របស់​វា ។


 តម្រូវការ​ទឹក​សម្រាប់​ការ​លូតលាស់​របស់​ដំណាំ​ស្រូវ​ក្នុង​១​ហិកតា ចាប់ពី​ថ្ងៃ​ដាំ​ដល់​ថ្ងៃ​ច្រូតកាត់
តម្រូវការ​ទឹក​សម្រាប់​ដំណុះ​គ្រាប់​មាន​ប្រហែលជា ២០​ភាគរយ នៃ​ទម្ងន់​របស់​វា ។ ម្យ៉ាងវិញទៀត ការ​លូតលាស់​របស់​ដំណាំ​ស្រូវ​នៅ​ដំណាក់កាល​បែក​គុម្ព ប្រព្រឹត្ត​ទៅ​ជា​សកម្ម​នៅ​ក្នុង​ស្រែ​ដែល​មាន​ទឹក​ប្រមាណ​ពី ៧០ ទៅ ៩០​ភាគរយ នៃ​ទឹក​ដែល​ដី​អាច​ផ្ទុក​បាន ។ ផ្ទុយ​ទៅ​វិញ​បើ​ដី​មាន​សំណើម​តិច​ជាង​ ៤០​ភាគរយ ធ្វើ​ឱ្យ​សកម្មភាព​លូតលាស់​របស់​ដំណាំ​ស្រូវ​មាន​ការ​ថយ​ចុះ ។
៤.២. សារសំខាន់​នៃ​ទឹក​ក្នុង​ដំណាំ​ស្រូវ
នៅ​ពេល​ដែល​ដីស្រែ​មាន​សំណើម​ត្រឹមតែ ២០% នោះ​ការ​លូតលាស់​នៃ​ឫស​ស្រូវ​នា​វគ្គ​ដំបូង បាន​ពិនិត្យ​ឃើញ​ថា​មាន​ការ​ថយ​ចុះ​ក្នុង​កម្រិត​ជា​អប្បបរមា គឺ​នៅ​ក្នុង​វគ្គ​ដំបូង​នេះ​ ហើយ​ដែល​ទឹក​មិន​អាច​ខ្វះ​បាន​ទេ​ជា​ពិសេស​នៅ​ពេល​ដែល​ស្រូវ​កំពុង​កំណរ​កួរ (Panicle Initiation) ហើយ​ជា​ចាំបាច់​នោះ​នៅ​ពេល​ដែល​ស្រូវ​កំពុង​ចេញ​ផ្កា ។​
ម្យ៉ាងវិញទៀត​នៅ​ពេល​ដែល​ស្រូវ​ចាប់​ផ្តើម​មាន​ការ​លូតលាស់​ឫស បន្ទាប់​មក​ពន្លក​ផ្កា ហើយ​តម្រូវការ​ទឹក​មាន​ការ​ថយ​ចុះ នៅ​ពេល​ដែល​គ្រាប់ស្រូវ​ទុំ ។ វគ្គ​ទាំងនោះ​គឺជា​ពេល​សំខាន់​ដែល​ដំណាំ​ស្រូវ​អាច​មាន​ការ​ប៉ះពាល់​ខ្លាំង​ប្រសិនបើ​គ្មាន​ទឹក​គ្រប់គ្រាន់ ។​
ម្យ៉ាងវិញទៀត​ទឹក​ច្រើន​ពេក​ក៏​អាច​ធ្វើ​ឱ្យ​ខូចខាត​ដល់​ដំណាំ​ស្រូវ​ផង​ដែរ ដូច​ជា​ធ្វើ​ឱ្យ​ចន្លោះ​ថ្នាំង​លូតលាស់​លឿន​ខុស​ធម្មតា ជា​ហេតុ​ធ្វើ​ឱ្យ​ដើម​ស្រូវ​ទៅ​ជា​ទន់​ងាយ​ដួល ហើយ​អាច​បន្ថយ ឬ​ពន្យឺតការ​បែក​គុម្ព ជា​លទ្ធផល​គឺ​ធ្វើ​ឱ្យ​ទិន្នផល​ថយ​ចុះ​យ៉ាង​ខ្លាំង ។ ការ​ខូចខាត​អាច​នឹង​កើន​ឡើង​ខ្លាំង នៅ​ពេល​ដែល​សីតុណ្ហភាព​ទឹក​កើនឡើង​ខ្លាំង​ឬ​ទឹក​ក្នុង​ស្រែ​ល្អក់ ឬ​កខ្វក់​ពេក ។
៥. សារធាតុចិញ្ចឹម​នៃ​ដំណាំ​ស្រូវ (Nutrient of the rice plant)
សារធាតុចិញ្ចឹម​មាន​តួនាទី​ធ្វើ​ឱ្យ​ដំណាំ​មាន​ការ​លូតលាស់​បាន​ល្អ និង​មាន​ការ​វិវឌ្ឍ​បាន​ជា​ប្រក្រតី​នៅ​គ្រប់​ដំណាក់កាល​លូតលាស់ ជា​ពិសេស​នៅ​ក្នុង​វគ្គ​បន្ត​ពូជ ។ សារធាតុចិញ្ចឹម​ត្រូវ​បាន​បែងចែក​ជា​ពីរ​ផ្នែក​ដូច​តទៅ ៖
  1. សារធាតុចិញ្ចឹម​ដែល​មាននៅ​ក្នុង​គ្រាប់
  2.  សារធាតុចិញ្ចឹម​ដែល​ស្រូប​យក​ពី​មជ្ឈដ្ឋាន​ខាងក្រៅ
៥.១. សារធាតុចិញ្ចឹម​ដែល​មាន​នៅ​ក្នុង​គ្រាប់
ដំណុះ​គ្រាប់​ត្រូវ​បាន​កំណត់​ដោយ​ទឹក​សីតុណ្ហភាព និង​ខ្យល់ ។ ដំណុះ​គ្រាប់​នៃ​ស្រូវ​ត្រូវការ​អុកស៊ីសែន​តិច​ជាង​ដំណាំ​ផ្សេងៗ​ដ៏​ទៃ​ទៀត ។ ប៉ុន្តែ​គ្មាន​អុកស៊ីសែន បាន​ធ្វើ​ឱ្យ​កើត​មាន​ភាព​មិន​ប្រក្រតី​នៃ​ដំណុះ​គ្រាប់ ។ នៅ​ក្នុង​បរិយាកាស​ដែល​គ្មាន​ខ្យល់​អុកស៊ីសែន​បាន​ធ្វើ​ឱ្យ​មាន​ការ​បង្អាក់​ទៅ​ដល់​សកម្មភាព​អង់ស៊ីម​មួយ​ចំនួន ដូចជា កាតាឡេស (Catalase) ដែល​អង់ស៊ីម​នេះ​មាន​អំពើ​ដោយ​ផ្ទាល់ និង​ដោយ​មិន​ផ្ទាល់​ទៅ​លើ​ពន្លក និង​ប្រព័ន្ធ​ឫស ហើយ​ក្នុង​ការ​បង្កើន​ក្លរ៉ូហ្វីល ។​
ដំណុះ​គ្រាប់​មាន​ការ​ចូលរួម​ដោយ​សកម្មភាព​នៃ​អង់ស៊ីម ដែល​មាន​ប្រភព​ជា​ប្រូតេអ៊ីន ដូច​ជា​កាតាឡេស​អាមីឡេស និង ​សាការេស (Catalase, Amilase & Sacarase) ៘ ដែល​មាន​តួនាទី​ជា រេដុករ ។ សកម្មភាព​របស់​អង់ស៊ីម​កើន​ឡើង​ខ្លាំង នៅ​ពេល​ដែល​សកម្មភាព​ដំណុះ​គ្រាប់​ស្ថិត​នៅ​ក្នុង​ស្រែ​ដែល​មាន​ដី​សើម ឬ​ដក់​ទឹក ។ ក្នុង​ខណៈ​ពេល​ដែល​ដំណុះ​គ្រាប់​កំពុង​ប្រព្រឹត្ត​ទៅ សារធាតុ​អាមីដុង និង​ទម្ងន់​ម៉ាស់​ស្ងួត​នៅ​ក្នុង​គ្រាប់​បាន​ថយ​ចុះ​ ចំណែកឯ​សារធាតុ​អាមីឡេស​បាន​កើន​ឡើង មាន​ន័យ​ថា​សារធាតុ​ប្រូតេអ៊ីន​ដែល​បាន​កើន​ឡើង​នោះ គឺ​បាន​មក​តាម​រយៈ​នៃ​ការ​បំប្លែង​សារធាតុ​អាមីដុង​ឱ្យ​ទៅ​ជា​ប្រូតេអ៊ីន​ក្នុង​កំឡុង​ពេល​ដំណុះ​គ្រាប់ ។​
អំប្រ៊ីយ៉ុង​មាន​តួនាទី​ក្នុង​ការ​ធ្វើ​ឱ្យ​មាន​ការ​លូតលាស់​ដោយ​ពឹងផ្អែក​ទៅ​លើ​សារធាតុ​បម្រុង​ដែល​មាន​នៅ​ក្នុង​គ្រាប់​នា​រយៈពេល​ប្រហែល ៥​ថ្ងៃ​ដំបូង ក្រោយ​ពី​ដុះ​ពន្លក ។ បន្ទាប់​មក​សារធាតុ​បម្រុង​មាន​តួនាទី​ខ្លះៗ​ប៉ុណ្ណោះ​ ហើយ​តួនាទី​របស់​វា​បាន​ថយ​ចុះ​បន្តិច​ម្តងៗ​ជា​លំដាប់​ចាប់ពី​ថ្ងៃ​ទី ០៦ ទៅ​ដល់​ថ្ងៃ​ទី ១០ ក្រោយ​ពេល​ចេញ​ពន្លក ។ ពេល​នោះ​កូន​រុក្ខជាតិ​អាច​លូតលាស់​ដោយ​ខ្លួនឯង​បាន ដោយ​មិន​បាច់​មាន​អាហារ​បម្រុង​ជួយ​ឡើយ ។ គឺ​ពេល​នោះ​ហើយ ដែល​សកម្មភាព​រស្មី​សំយោគ​អាច​ពិនិត្យ​ឃើញ គឺ​ចាប់តាំងពី​ថ្ងៃ​ទី​០៨​ទៅ ។ បន្ទាប់​មក​ការ​ស្រូប​យក​ទឹក​និង​សារធាតុចិញ្ចឹម​ដោយ​ប្រព័ន្ធ​ឫស​ត្រូវ​បាន​សង្កេត​ឃើញ ចាប់ពី​ថ្ងៃ​ទី ៩ ឬ ទី ១០ គឺ​ដោយ​សង្កេត​ឃើញ​មាន​ការ​កើនឡើង​នូវ​ទម្ងន់​សរុប​នៃ​សារធាតុ​ដែល​ផលិត​បាន ។
៥.២. សារធាតុចិញ្ចឹម​បាន​មក​ពី​ការ​ស្រូប​យក​ពី​មជ្ឈដ្ឋាន​ខាងក្រៅ
សារធាតុ​ទាំងនោះ​ត្រូវ​បាន​ចែក​ចេញ​ជា​បី​ក្រុម ៖
  1. សារធាតុ​ស្រូប​យក​ពី​ដី ឬ​ពី​ទឹក​ក្នុង​ដី​
  2. អុកស៊ីសែន​ដែល​ស្រូប​ដោយ​ដំណក​ដង្ហើម ឬ​ទទួលយក​ពី​ទឹក នៅ​ពេល​ដែល​ដើម​ស្រូវ​លិច​នៅ​ក្នុង​ទឹក
  3. ឧស្ម័ន​កាបូនិក​ដែល​ស្រូប​យក​នៅ​ក្នុង​ខណៈ​ពេល​ដែល​រុក្ខជាតិ​ធ្វើ​រស្មី​សំយោគ
សារធាតុ​បាន​មក​ពី​ទឹក​ឬ​ដី គឺជា​សារធាតុ​គ្រឹះ​ដែល​មាន​នៅ​ក្នុង​ដី​ ដូចជា អាសូត (N) ផូស្វ័រ (P) ប៉ូតាស្យូម (K) កាល់ស្យូម (Ca) ដែក (Fe) ស៊ីលីស្យូម (Si) ម៉ង់កាណែស (Mn)ម៉ាញ៉េស្យូម (Mg) ៘ រុក្ខជាតិ​ស្រូប​យក​សារធាតុ​ទាំងនោះ​ក្នុង​ទម្រង់​ជា​អ៊ីយ៉ុង (ឧទាហរណ៍ អាសូត​ជា NH4 និង​ផូស្វ័រ ជា​ទម្រង់ P2O5) ការ​ស្រូប​យក​នេះ វា​មិន​អាស្រ័យ​តែ​ទៅ​នឹង​កំហាប់​នៃ​អុកស៊ីសែន (O2) ដែល​មាន​នៅ​ក្នុង​មជ្ឈដ្ឋាន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​មាន​ការ​ទាក់ទង​គ្នា​ទៅ​នឹង​សកម្មភាព​នៃ​ស្លឹក​រុក្ខជាតិ​ផង​ដែរ ។ ការ​ស្រូប​នេះ​មាន​ការ​ប្រែប្រួល​ទៅ​តាម​តំបន់​លក្ខខណ្ឌ​អាកាសធាតុ ដី ពូជ វិធីសាស្ត្រ​ដាំ​ដុះ និង​សារធាតុ​ដែល​មាន​នៅ​ក្នុង​មជ្ឈដ្ឋាន​ទាំងនោះ ។ ការ​ស្រូប​យក​សារធាតុចិញ្ចឹម​អាច​ចែក​ចេញ​ជា​ពីរ​បែប ៖
ក. ការ​ស្រូប​យក​សារធាតុ​ដែល​មិនមែន​ជា​លោហៈ ​គឺជា​ការ​ស្រូប​យក​នូវ​សារធាតុសរីរាង្គ​ងាយៗ​ណា ដែល​សម្រួល​ជម្រុញ​ដល់​ការ​សាយភាយ សារធាតុចិញ្ចឹម​នៅ​លើ​បរិវេណ​នៃ​ផ្ទៃ​ឫស ។​
ខ. ការ​ស្រូប​យក​សារធាតុ​លោហៈ ​ឫស​ស្រូវ​ដែល​អាច​ដុះ​ក្នុង​ទឹក​មាន​នាទី​ជា អុកស៊ីតករ ព្រោះថា​ឫស​រុក្ខជាតិ​នេះ អាច​ស្រូប​យក​សារធាតុ​អុកស៊ីត​នៃ​ដី​បាន ។ ផ្ទុយ​ពី​រុក្ខជាតិ​នៅ​ក្នុង​លក្ខខណ្ឌ​រេដុកម្ម​នៃ​ឫស​របស់​ដំណាំ​ដី​ស្ងួត ។ វត្តមាន​នៃ​អង់ស៊ីម Catalase ឬ Peroxidase នៅ​ក្នុង​រុក្ខជាតិ អាច​បង្ហាញ​កាន់តែ​ច្បាស់​សម្រាប់​រុក្ខជាតិ តាម​រយៈ​ការ​ធ្វើ​មេតាបូលីស​បាន​ដ៏​ប្រសើរ​នៃ​ដំណាំ​ស្រូវ និង​រុក្ខជាតិ​ដែល​មាន​អាស៊ីត​គ្លីកូលីក ។
អនុភាព​អុកស៊ីតកម្ម​នៃ​ឫស​ស្រូវ​នឹង​កើនឡើង​នៅ​ក្នុង​ដំណាក់កាល​ស្រូវ​បែក​គុម្ព បន្ទាប់​មក​នឹង​បន្ថយ​មក​វិញ ដោយសារ​វា​មាន​ឫស​ចាស់ៗ​ច្រើន ហើយ​ថយ​ចុះ​ដល់​កម្រិត​អប្បបរមា​មួយ​នៅ​ក្នុង​វគ្គ​ចេញ​ផ្កា ។ ការ​បន្ថយ​អនុភាព​អុកស៊ីតកម្ម​នេះ​អាច​បណ្តាល​មក​ពី​កង្វះ​សារធាតុ​អាសូត (N) ដែល​អាច​បណ្តាល​មក​ពី​មាន​ការ​បង្អាក់​ក្នុង​ការ​ស្រូប​យក​ដោយ​ឫស ។ ការ​ស្រូប​យក​សារធាតុ​ដោយ​រុក្ខជាតិ​នឹង​រំខាន​ដោយ​អ៊ីដ្រូសែន​ស៊ុលផួ ស្យានួរ៉ូ និង​អាស៊ីតប៊ូទ្រីក ៘ ដែល​សារធាតុ​ទាំងនោះ​នឹង​បង្អាក់​ដល់​ដំណក​ដង្ហើម​នៃ​ស្លឹក ។ ម្យ៉ាង​វិញ​ទៀត កត្តា​សីតុណ្ហភាព​ពន្លឺ និង​សម្ពាធ​អុកស៊ីសែន មាន​ទំនាក់ទំនង​យ៉ាង​ខ្លាំង​ទៅ​នឹង​ការ​ស្រូប​យក​សារធាតុ​លោហៈ​ទាំងនោះ នៅ​ពេល​ដែល​កំហាប់​នៃ​អ៊ីយ៉ុង ឬ​អន្តរ​ទំនាក់ទំនង​អ៊ីយ៉ុង មាន​ឥទ្ធិពល​ទៅ​លើ​រូបសាស្ត្រ​នៃ​ការ​ស្រូប​យក ។
 

Comments

Popular posts from this blog

ដំណាំ​អំពៅ

ការដាំត្រកួន

លក្ខណៈ​រូបសាស្ត្រ​នៃ​ដំណាំ​ស្រូវ